សៀមរាប៖ កាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវលំភូមិនាងស្រោង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប រវាងម៉ូតូនិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើត។
លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំបានអោយដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍នៅឃុំត្រាំសរសរ រវាងម៉ូតូម៉ាក Honda dream C១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ សៀមរាប ១AB-៨៣៤០ បើកបរដោយឈ្មោះ អ៊ុត ដុំ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ធ្វើស្រែរស់នៅភូមិ យាយម៉ី ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប មិនពាក់មួកសុវត្ថិភាព(របួសធ្ងន់) បើកបរក្នុងទិសដៅពីកើតទៅលិច បុកជាមួយម៉ូតូម៉ាក Honda dream C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខប.មានជ័យ១E-៦១១៥ បើកបរដោយឈ្មោះ ពន់ ខេត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ នាងស្រោង ឃុំត្រាំសសរស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរ ធ្វើស្រែ (បើកបរមិនពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរឈ្មោះ បឹង សុភាព ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិនាងស្រោង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប របួសស្រាល (គ្មានមួកសុវត្ថិភាព)។
ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែង ធ្វើកំណត់ហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ ដើម្បីដោះស្រាយតាមនីតិវិធី ព្រមទាំងបញ្ជូនជនរងគ្រោះទាំងបីនាក់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកក្រឡាញ់ ប៉ុន្តែជនរងគ្រោះម្នាក់ឈ្មោះ ពន់ ខេត ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិ នាងស្រោង ឃុំត្រាំសសរស្រុកស្រីស្នំ ខេត្តសៀមរាប បានស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ ៕