បន្ទាយមានជ័យ៖ រថយន្តម៉ាកល៊ុចស៊ីស៣៣០ មួយគ្រឿងកំពុងតែបើកសុខៗស្រាប់តែឆ្លងចរន្តភ្លើងឆេះចេញពីម៉ាស៊ីនតែសំណាងណាស់កុំបានប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលកុំអីរថយន្តនេះនឹងត្រូវឆេះខ្ទេច។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅលើកំណាក់ផ្លូវជាតិលេខ៥ ចំណុចក្បែរផ្លូវចូលទឹកស្អាត ស្ថិតនៅក្នុង ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកអធិការក្រុងសិរីសោភ័ណបានប្រាប់ឲ្យដឹងថា៖ ម្ចាស់រថយន្ត ឈ្មោះ ឃុន ប៊ុនស្រ៊ី មានទីលំនៅក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រថយន្តម៉ាកល៊ុចស៊ីស៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AT-០១២៦។
ប្រភពដដែលបានបន្តថា៖ មុនពេលកើតហេតុរថយន្តបានធ្វើដំណើរពីកើតទៅលិច ពេលមកដល់ចំណុចខាងលើ ស្ថិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ក៏ស្រាប់មានផ្សែងចេញពីក្នុងម៉ាស៊ីនមកក្រៅ ហើយបានឈប់ឲ្យប្រជាពលរដ្ឋទីនោះជួយពន្លត់ ពេលនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ២គ្រឿង បានចេញអន្តរាជួយពន្លត់បាញ់ទឹកអស់ ១រថយន្ត ភ្លើងបានរលត់ទាំងស្រុង ខូចខាតអស់តែ៣០% ប៉ុណ្ណោះ ៕