នគរបាល​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា​លួច​កាច់ក​ម៉ូតូ​២​នាក់​

20-April-2020 | ដោយ ពលមនសិការ

កណ្ដាល​៖​ នគរបាល​ក្រុង​តា​ខ្មៅ​ ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​លួច​កាប់​ក​ម៉ូតូ​ និង​ជាប់​ពន្ធនាគារ​២​នាក់​ យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ ជិះ​ម៉ូតូឌុប​គ្នា​បម្រុង​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​។​

​ករណី​ចាប់ខ្លួន​នេះ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី​ ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០២០​ ស្ថិត​ក្នុងភូមិ​ក្រពើ​ហា​កើត​ សង្កាត់​ព្រែក​ឫស្សី​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​

​មន្ដ្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ចាប់ខ្លួន​បាន​មាន​គ្នា​២​នាក់​ ទី​១-​ឈ្មោះ​ កែវ​ ប៊ុ​ន​ធឿ​ន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្មី​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ និង​ទី​២-​ឈ្មោះ​ រី​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​

ចំណែក​វត្ថុ​តាង​ដកហូត​បាន​មាន​៖​ ម៉ូតូ​១​គ្រឿង​ម៉ាក​Today​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ កណ្តាល​១V-៩៧១៥​ ,​សោ​ខ្សៀ​លេខ​៨​រាង​អក្សរ​L​ចំនួន​១​ ,​ដែក​៦​មាន​ចុង​ស្រួច​សំប៉ែត​ចំនួន​២​ ,​សោរ​ម៉ាក​Van​ Chnee​ចំនួន​១​ ,​កូនសោរ​ម៉ាក​Tiger​ ចំនួន​១​ និង​ឧបករណ៍​សម្រាប់​ផ្តាច់​បារី​ចំនួន​១​ទៀត​ផង​ដែរ​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ កំលាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​ឫស្សី​ បាន​ចេញ​ល្បាត​ក្នុងភូមិ​សាស្ដ្រ​របស់​ខ្លួន​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បានឃើញ​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ងាក​ចុះ​ ងាក​ឡើង​ ដោយ​មានការ​សង្ស័យ​កំលាំង​នគរបាល​ក៏​បាន​ដេញ​តាម​ហើយ​ឃាត់ខ្លួន​សួរនាំ​ ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ កែវ​ ប៊ុ​ន​ ធឿ​ន​ បាន​ទំលាក់​វត្ថុ​តាង​ចោល​ភ្លាម​នោះ​សមត្ថកិច្ច​ឃើញ​ក៏​ធ្វើការ​ឆែកឆេរ​ ឃើញ​មាន​វត្ថុ​តាង​សម្រាប់​ធ្វើ​សកម្មភាព​លួច​ ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ រួម​ទាំង​វត្ថុ​តាង​បញ្ជូន​អធិការដ្ឋាន​នគរបាល​ក្រុង​ រួច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​សូម​បញ្ជាក់​ថា​ជនសង្ស័យ​ឈ្មោះ​ កែវ​ ប៊ុ​ន​ធឿ​ន​ ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ខែ​ពី​បទ​លួច​(​កាច់ក​ម៉ូតូ​)​ក្នុង​ឆ្នាំ​២០១៣​ ៕


ចំនួនអ្នកទស្សនា

    19627047

  • ថ្ងៃនេះ1291
  • ម្សិលមិញ3601
  • សប្តាហ៍នេះ17241
  • ខែនេះ63341
  • ឆ្នាំនេះ399601
  • សរុប19627047