កណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល បើកប្រតិបត្ដិការចាប់ខ្លួន និងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២០កញ្ចប់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ប្រតិបត្ដិការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១៩និង៤០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ដ្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ សែម វិសាល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន២០កញ្ចប់ (ធំ១១កញ្ចប់ ,មធ្យម៩) ,លោហៈធាតុ ពណ៌លឿងសង្ស័យជាផ្លាទីន១ខ្សែ ជាប្រភេទខ្សែអង្គាដី ,ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខកណ្តាល1P-2786 ,ទូរស័ព្ទដៃ១គ្រឿង ម៉ាកអាយហ្វូនសិច និងឧបករណ៍វេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ។
ប្រភពដដែលបន្ដថា នៅថ្ងៃ/ខែ/ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងម្កាក់ បានល្បាតក្នុងភូមិសាស្ដ្ររបស់ខ្លួន ខណៈមកដល់ចំណុចកើតហេតុ បានប្រទះឃើញជនសង្ស័យកំពុងឈរតាមផ្លូវ ភ្លាមនោះក៏ធ្វើការត្រួតពិនិត្យ ស្រាប់តែជនសង្ស័យជិះម៉ូតូគេចខ្លួន។ ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ រាយការណ៍ទៅកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក កម្លាំងព្រហ្មទណ្ឌស្រុក និងកម្កាំងប៉ុស្តិ៍បែកចាន បានធ្វើការដេញតាម និងពួនស្ទាក់ ដល់ចំណុចភូមិចក ឃុំបែកចាន ជនសង្ស័យបានទំលាក់បោះចោលថ្នាំញៀន តែកម្លាំងបានរកឃើញ។ ចំណែកជនសង្ស័យបានបន្តគេចខ្លួន រហូតដល់ចំណុចភូមិអណ្តូង ឃុំបែកចាន ហើយបានផ្តួលម៉ូតូចោល រួចរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចតាមរកឃើញឃាត់ខ្លួនបានភា្លមៗវិញតែម្ដង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ថ្នាំញៀននៅចំពោះមុខនេះ ពិតជាថ្នាំញៀនរបស់ខ្លួនពិតប្រាកដមែន ហើយខ្លួនបានទិញពីមនុស្សម្នាក់មិនស្គាល់ឈ្មោះ នៅម្ដុំផ្លូវរទេះភ្លើង រាជធានីភ្នំពេញ។ ចំពោះជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ដ។
សូមបញ្ជាក់ថា៖ ជនសង្ស័យមានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន៣ គឺទី១-ដីកាលេខ២០៦ ចុះថ្ងៃទី០៤.០៦.២០១៩ របស់ចៅក្រមស៊ើបសួរលោក គឹម ម៉េង ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល កាលពីថ្ងៃទី៣ .៥.២០១៩ ,ទី២-ដីកាលេខ៥៨២ ចុះថ្ងៃទី២០.១១.២០១៩ របស់ចៅក្រមស៊ើបសួរលោក ប្លុង វិសាល ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល កាលពីថ្ងៃទី១៧.០៨.២០១៩ និងទី៣-ដីកាលេខ១៥៣ ចុះថ្ងៃទី២៥.០២.២០២០ របស់ចៅក្រមស៊ើបសួរលោក រស់ ជុនចាន់និមល ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល កាលពីថ្ងៃទី១៩.០១.២០២០ ៕