កាស៊ីណូ ហ្គោលដិន ឡាយអិន អេនធើធេនម៉ិន ផ្តល់សម្ភារការពារជំងឺកូវីដ-១៩ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ

20-April-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ បានទទួលជំនួយមនុស្សធម៌ ជាសម្ភារការពារ បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺ COVID-19 ពីក្រុមហ៊ុនកាស៊ីណូ ហ្គោលឌិន ឡាយអិន អេនធើធេនម៉ិន ដើម្បីយកទៅចែកចាយបន្ដដល់កងកម្លាំងនគរបាលជាតិ។

ពិធីប្រគល់ និងទទួលជំនួយមនុស្សធម៌ជាម៉ាស់ ចំនួន១០ម៉ឺនបន្ទះនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក Ng Man Sun អគ្គនាយកក្រុមហ៊ុន កាស៊ីណូ ហ្គោលឌិន ឡាយអិន អេនធើធេនម៉ិន (Golden Lion Entertainment) និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានចាត់ទុកថា ការផ្ដល់ជំនួយដល់អគ្គស្នងការដ្ឋាននគរបាលជាតិនេះ គឺជាកាយវិការមួយដ៏ល្អ ដែលលោកតំណាងឲ្យនគរបាលជាតិកម្ពុជាទាំងអស់ សូមថ្លែងអំណរគុណ និងសូមឲ្យក្រុមហ៊ុន កាស៊ីណូ ហ្គោលឌិន ឡាយអិន អេនធើធេនម៉ិន ដំណើរអាជីវកម្មរបស់ខ្លួនទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានគូសបញ្ជាក់ទៀតថា មកដល់ម៉ោងនេះ កិច្ចការរបស់នគរបាលជាតិកម្ពុជា គឺការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរួមចំណែកជាមួយក្រសួងសុខាភិបាល ជាមួយសមត្ថកិច្ចពាក់ព័ន្ធការពារជំងឺរាតត្បាត COVID-19 កុំឲ្យឆ្លងដល់ប្រជាពលរដ្ឋកម្ពុជា និងអ្នកប្រកបមុខរបរនៅកម្ពុជា។

បន្ថែមពីការអរគុណ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានលើកឡើងថា នេះជាការចូលរួមចំណែកធំណាស់របស់ក្រុមហ៊ុន កាស៊ីណូ ហ្គោលឌិន ឡាយអិន អេនធើធេនម៉ិន ព្រោះថាកងកម្លាំងនគរបាលជាតិកម្ពុជា មានឆន្ទៈ មានការប្រតិបត្តិតាមវិធានសុខាភិបាល ប៉ុន្ដែខ្វះលទ្ធភាព ខ្វះថវិកា ខ្វះសម្ភារៈ ដូច្នេះនេះជាការបំពេញបន្ថែមមួយដ៏ល្អសម្រាប់កងកម្លាំងនគរបាល។

សូមជម្រាបថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសដំណឹងល្អដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត បានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១០៧នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ (COVID-19) ធ្លាក់ចុះមកត្រឹមចំនួន១៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ៕

ចំនួនអ្នកទស្សនា

    19627247

  • ថ្ងៃនេះ1491
  • ម្សិលមិញ3601
  • សប្តាហ៍នេះ17441
  • ខែនេះ63541
  • ឆ្នាំនេះ399801
  • សរុប19627247