កណ្ដាល៖ បុរសជាតៃកុងរថយន្តបែនដឹកដីម្នាក់ ត្រូវបានអ៊ិចស្កាវិចទ័រកិនស្លាប់យ៉ាងអណោចអធ័ម ខណៈដែលជនរងគ្រោះកំពុងជួសជុលនៅខាងក្រោមរថយន្ត។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅចំណុចរណ្ដៅដីរបស់ក្រុមហ៊ុន សៀងហៃ ស្ថិតក្នុងភូមិរោងគោ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ គៀង សារ៉ាត ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិតាប៉ាវបំពេញតេះ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ បើករថយន្តម៉ាក SCANIA ប្រភេទបែន ពណ៌ ស+ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1698។ ចំណែកអ៊ិចស្កាវិចទ័រម៉ាកCOBELCO ពណ៌ខៀវ (អ្នកបើកបរ រត់គេចបាត់ខ្លួនបាត់ស្រមោល)។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តបែនខាងលើមកយកដីនៅរណ្ដៅដីរបស់ក្រុមហ៊ុន សៀង ហៃ ខណៈរថយន្តជនរងគ្រោះថយក្រោយដើម្បីឲ្យអ៊ិចស្កាវិចទ័រចូកដីដាក់បែជារថយន្តខូច ភ្លាមនោះជនរងគ្រោះក៏បានប្រាប់ទៅតៃកុងអ៊ិចអោយជួយរុញឡើង ដោយចាំតៃកុងអ៊ិចជួយរុញយូរពេក ជនរងគ្រោះ បានចូលក្រោមរថយន្តដើម្បីជួសជុល នៅពេលកំពង់ជួសជុលនោះ តៃកុងអ៊ិច បានស៊ីផ្លេអោយដំណឹងទៅជនរងគ្រោះដឹង ដោយស្មានថា ជនរងគ្រោះនៅក្នុងរថយន្ត រួចតៃកុងអ៊ិចក៏ជួយរុញរថយន្តរបស់ជនរងគ្រោះពីក្រោយ ដោយមិនបានដឹងថា ជនរងគ្រោះកំពង់តែជួសជុលខាងក្រោមរថយន្តនោះទេ ក៏បណ្ដាលអោយកិនជនរងគ្រោះស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្ដង។
បន្ទាប់ពីនគរបាលជំនាញចរាចរណ៍ស្រុកកណ្ដាលស្ទឹងទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏ចុះមកកន្លែងកើតហេតុ រួចធ្វើការពិនិត្យ កសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ត និង អ្នកបើកបរអ៊ិចស្កាវិចទ័រ ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលអោយគ្រោះថ្នាក់។ សពជនរងគ្រោះកម្លាំងជំនាញបានប្រគល់ជូនសាច់ញាតិបងប្អូនយកតៅធ្វើបុណ្យតាមប្រពៃណី ៕