សៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរប្លន់ប្រដាប់ដោយអាវុធច្នៃបានធ្វើសកម្មភាពភ្ជង់អ្នកលក់ចាប់ហួយនៅស្រុកជីក្រែង យកទ្រព្យសម្បត្តិ រួចគេចខ្លួន ត្រូវបានកម្លាំងនគរបាលមូលដ្ឋាននិងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប បានស្រាវជ្រាវឃាត់ខ្លួនបានចំនួន៤នាក់។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់នៅថ្ងៃទី២១នេះថា កម្លាំងនគរបាលស្រុកជីក្រែងនិងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប សហការគ្នាស្រាវជ្រាវករណីក្រុមចោរប្លន់ផ្ទះអ្នកលក់ចាប់ហួយ រហូតបានឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ប្រើប្រាស់អាវុធសាមញ្ញកាលពី វេលាម៉ោង៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែងខេត្តសៀមរាប។
ជនសង្ស័យទាំងនោះមានឈ្មោះទី៖១.ឈ្មោះ សំ សី ហៅម៉ី ភេទប្រុសអាយុ៥២ឆ្នាំ មុខរបរ ធ្វើស្រែ។២.ឈ្មោះ ឡុន ធុង ហៅ ថុង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។៣.ឈ្មោះ ឡឹង ប៊ឿប ហៅ ប៊ឿក ភេទប្រុសអាយុ ២២ឆ្នាំមុខរបរ គ្មាន។៤.ឈ្មោះ សុត សំអុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ជនសង្ស័យទាំង៤នាក់នេះ បច្ចុប្បន្នរស់នៅភូមិក្របៅ ឃុំសង្វើយស្រុកជីក្រែង ខេត្តសៀមរាប។
យោងតាមបណ្តឹង របស់ជនរងគ្រោះ ឈ្មោះ ទុន បឿត ភេទស្រី អាយុ៥១ឆ្នាំ មុខរបរលក់ដូរ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។
លោកបន្តថាដំណើរឿង នៅវេលាម៉ោង៣និង០០នាទីយប់ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ មានជនសង្ស័យមួយក្រុម មានគ្នា០៤នាក់ស្លៀកពាក់ខោអាវប៉ារ៉ា ពាក់មួកការពារសុវត្ថិភាពពណ៌ខ្មៅ បានធ្វើសកម្មភាពយកកាំភ្លើងកែច្នៃ (កាំភ្លើងបាញ់ខ្យល់) គោះទ្វារហៅជនរងគ្រោះដើម្បីទិញស្រា នៅពេលជនរងគ្រោះបើកទ្វា ក្រុមជនសង្ស័យ បានយកកាំភ្លើងខ្យល់ ភ្ជង់ទៅលើជនរងគ្រោះ យកប្រាក់ ចំនួន ៥០០ដុល្លារ និងខ្សែកមាសមួយខ្សែទម្ងន់៣ជី។ ក្រោយពេលធ្វើសកម្មភាពហើយ ក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់។ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយ កម្លាំងអធិការស្រុកជីក្រែងស្រាវជ្រាវនិងស៊ើបអង្កេត ឃាត់ខ្លួនបានជនសង្ស័យទាំង០៤នាក់ខាងលើ យកមកសាកសួរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៤នាក់ខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះពិតប្រាកដមែន ដោយឈ្មោះ ឡឹង បឿកបានចំណែក១០០ដុល្លារ, ឈ្មោះ សុត សំអុល បានចំណែក១០០ដុល្លារ, ឈ្មោះ ឡុន ធុង ហៅ ថុង បានចំណែក១០០ដុល្លារ,ចំណែកឈ្មោះ សំ សី ហៅ ម៉ី បានចំណែក២០០ដុល្លារ និងខ្សែក១ខ្សែ ប៉ុន្តែឈ្មោះ សំ សី ហៅ ម៉ី ឆ្លើយថា ខ្សែកនោះ នៅពេលជិះម៉ូតូមកវិញ ខ្លួនបានធ្វើជ្រុះបាត់។
ដកហូតវត្ថុតាងបានៈ កាំភ្លើងកែច្នៃ (កាំភ្លើងស្នប់ចំនួន០១ ) , ម៉ូតូជិះធ្វើសកម្មភាពចំនួន ០២គ្រឿង, ខោអាវប៉ារ៉ា ០១កំផ្លេ ជារបស់ឈ្មោះ សំ សី ហៅម៉ី ពាក់ធ្វើសកម្មភាព។
លោកបញ្ជាក់ថា ករណីនេះកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំងនេះទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕