ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩នឹង៣០នាទី ដោយបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជូនជនបរទេសទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។
លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថាជនបរទេសនេះឈ្មោះ DARVISHI SEENA ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិកាណាដា។
លោកនាយការិយាល័យបន្តថា កាលពីនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៣នឹង៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេសខាងលើ ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខុនដូកាសាមេឌៀ បន្ទប់លេខB១៩០១ ជាន់ទី១៩ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។ បន្ទាប់ពី សាកសួរដឹងថា ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា លើកដំបូងនៅឆ្នាំ២០១៣ ចេញ-ចូលជាច្រើនដង លើកចុងក្រោយនៅថ្ងៃទី២២.០២.២០២០ (ទិដ្ឋាការស្នាក់នៅ ផុតកំណត់ថ្ងៃទី២៤. ០៨.២០២០) តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បច្ចុប្បន្នជាគ្រូបង្រៀននៅ សាលាAPIS និងបាន ពិនិត្យទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន។ ជននេះធ្លាប់ប្រើប្រាស់អាវុធខុសច្បាប់ នៅប្រទេស កាណាដា ក្នុងឆ្នាំ២០១២។ នៅថ្ងៃទី០៩.០៤.២០២០ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន បានឃាត់ខ្លួនជនបរទេសខាងលើ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសាកសួរបំភ្លឺ ករណី នារីបម្រើការងារ ធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីបន្ទប់ខុនដូជននេះ (ជនរងគ្រោះ ឈ្មោះ សួស កញ្ញា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ) កាលពីថ្ងៃទី០៩.០៤.២០២០ និងបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីពិនិត្យរកមេរោគកូវីដ១៩ ជាលទ្ធផលអវិជ្ជមាន។
សមត្ថកិច្ចសន្និដ្ឋាន ករណីនារីបម្រើការងារ ធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីបន្ទប់ខុនដូជនបរទេសរូបនេះ (ដោយគ្មាន មូលហេតុច្បាស់លាស់ ) កាលពីថ្ងៃទី០៩.០៤.២០២០។ ជននេះបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជននេះធ្លាប់មានបទល្មើសប្រើប្រាស់អាវុធខុសច្បាប់ នៅប្រទេសកាណាដា ប្រាកដមែន។ ពុំមានកិច្ចសហការល្អ ជាមួយសមត្ថកិច្ច ពេលសាកសួរបំភ្លឺ។
លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បញ្ជាក់ថាជននេះត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕