ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនៃសំណុំរឿងព្រហ្មទណ្ឌលេខ១៣១៥ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានជនជាប់ចោទចំនួន៣៤នាក់ ត្រូវបានចោទប្រកាន់ ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, សមគំនិតក្នុងអំពើប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចមជ្ឈមណ្ឌលកម្សាន្តរ៉ុក ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយផ្តន្ទាទោសជនជាប់ចោទម្នាក់ៗ ដាក់ពន្ធនាគារចន្លោះពី១ឆ្នាំ៦ខែ ដល់៤ឆ្នាំ និងពិន័យជាប្រាក់ពី៣លានរៀល ដល់៨លានរៀល។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថាសាលាដំបូងកំពុងស៊ើបសួរលើសំណុំរឿងមួយករណីទៀត ដែលបានប្រព្រឹត្តនៅចំណុចមជ្ឈមណ្ឌលកម្សាន្តរ៉ុកខាងលើ ដោយចៅក្រមស៊ើបសួរកំពុងសួរចម្លើយអ្នកពាក់ព័ន្ធ ប្រមូលភស្តុតាងនានា ហើយត្រៀមនឹងបញ្ជូនទៅជំនុំជម្រះក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលសារព័ត៌មាន ភ្នំពេញថាមស៍ ទទួលបាននៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ។
សូមរំលឹកថា កាលពីវេលាម៉ោង២យប់ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងបញ្ជាផ្ទាល់ បង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ព្រមទាំងឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី៣១១នាក់ ដកហូតថ្នាំញៀនជិត៥០គីឡូក្រាម។
សូមបញ្ជាក់ថា ស្នាមមេដៃប្រជាជនជាច្រើននាក់ បានកំពុងបន្តផ្តិតមេដៃចេញពីខេត្តបាត់ដំបង និងបន្តទៅតាមបណ្តាខេត្ត រាជធានី មុនដាក់ទៅក្រសួងយុត្តិធម៌ ។
គោលបំណងការប្រមូលស្នាមមេដៃស្នើដល់ក្រសួងយុត្តិធម៌ដោយ សុំបើកការកាត់ក្តី លើសំណុំរឿងគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តរ៉ុក ដែលប៉ូលីសចាប់បានជិត៥០គីឡូក្រាមនោះ ឡើងវិញ និងសូមដាក់ការឃុំខ្លួនឧកញ៉ា គិត ធាង អោយដូចអ្នកទោសដទៃ។
លិខិតនោះបានបញ្ជាក់ថា
ពួកគាត់ បានទទួលព័ត៌មាន ជាហូរហែរ មកថា អ្នកជាប់ពាក់ព័ន្ធនិងការជួញដូរគ្រឿងញៀន នៅក្លឹបកម្សាន្តរ៉ុក កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោស អ្នកឧកញ៉ា គិត ធាង ម្ចាស់ទីតាំងអាជីវកម្មរ៉ុកអ៊ិនធើធេនមេន សិនធើ ឲ្យជាបពន្ធនាគាររយៈពេល៤ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀនជិត ៥០គីឡូក្រាម ក្រោមបទចាត់ចែងសម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងបទសមគំនិត។
ការកាត់ទោស មានរយៈពេល៤ឆ្នាំ លើសំណុំរឿងគ្រឿងញាន ជិត៥០គីឡូ នោះយើងខ្ញុំពិតមិនទាន់ជ្រះស្រឡះ ក្នុងចិត្តនៅឡើយទេថា ហេតុអ្វីបានជាគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ អាចជាប់ទោស តែ៤ឆ្នាំ។ បើកក្រឡេកមើល អ្នកគ្មានលុយ និង គ្មានឥទ្ធិពលក្នុងសង្គមវិញ គ្រាន់តែ១កញ្ចប់តូច ពិសេសជាអ្នករងគ្រោះទៀតនោះ ក៏អាចជាប់ពន្ធនាគារ រហូត២-៣ឆ្នាំដែរ។
មួយវិញទៀត ក្រោយពីមហាសេដ្ឋី អ្នកឧកញ៉ា គិត ធាង ចាប់ខ្លួន រហូតដល់ពេល នេះគឺហាក់មានសំណាងខ្លាំងណាស់ ដោយឃើញព័ត៌មានផ្សាយថា អ្នកឧកញ៉ា គិត ធាង សំរាកនៅតែពេទ្យ តែប៉ុណ្ណោះ។
យើងខ្ញុំទាំងអស់គ្នាបានដឹងហើយថា
គ្រឿងញៀនបានធ្វើឱ្យមានការប៉ះពាល់ដល់សង្គមជាតិ គ្រួសារនិងខ្លួនឯងដូចជាចំពោះសង្គមធ្វើឱ្យបាតបង់ធនធានមនុស្ស បាត់បង់សេក្ដីថ្លៃថ្នូរកើតមាន ភាពអនាធិបតេយ្យ បង្កឲមានអំពើហិង្សាក្នុងសង្គម កើតមានអំពើ (ឆក់ប្លន់ សម្លាប់ ចាប់ជំរិត រំលោភ ជាដើម), ចំពោះគ្រួសារខាតបង់ប្រាក់កាសទ្រព្យសម្បត្តិ ខូចកិត្តិយសគ្រួសារ បង្កឲមានអំពើហិង្សា, ធ្វើឱ្យខូចសុខភាព ខាតបង់ពេលវេលាធ្វើការនិងរៀនសូត្រ ប៉ះពាល់ដល់ខួរក្បាលអាចក្លាយជាមនុស្សឆ្កួតឫឡាប់សតិ មានចរិតឆេវឆាវ។ ពិសេសមួយរយៈចុងក្រោយនេះ យុវជនភាគច្រើនដែលហៅថាបែកថ្នាំ បានដុតផ្ទះខ្លួនឯងបងប្អូន-ឪពុក ម្តាយ និង លោតពីលើទីខ្ពស់ក៏មាន ។
ការវិវឌ្ឍន៍មិនឈប់ឈរ ការរីករាលដាលនៃការចរាចរណ៍គ្រឿងញាន នៅក្នុងប្រទេសកម្ពុជា មានរហូតដល់តាមភូមិនិងចុងកាត់មាត់ញក នេះមកពីក្រុមបណ្តាញចែកចាយពួកគេរឹងម៉ាំ។
លិខិតនោះក៏បានលើកយកប្រសាសន៍សម្តេចតេជោ ដោយសសេរថាដូចប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាលនៅសណ្ឋាគារ សូហ្វីតែល នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ថាករណីរ៉កទោះបីជាត្រូវជីកជម្រៅប៉ុន្មានរយម៉ែត្រឬម៉ឺនម៉ែត្រចុះក្នុងដីដើម្បីរកមេខ្លោងក៏ត្រូវជីកឲ្យជ្រៅតាមរកដែរ។ ព្រោះវាបានបំផ្លាញអនាគតយុវជនជាច្រើនរួចមកហើយ។
សម្តេចតេជោបន្តថា៖«ករណីរ៉កជាករណីមិនអាចលើកលែងបានទេករណីរ៉កត្រូវជីកទោះបីត្រូវជីក ជម្រៅប៉ុន្មានម៉ឺនម៉ែត្រ ចុះទៅក្រោមដីដើម្បីរកមេខ្លោងក៏ត្រូវជីកដើម្បីរកមេក្លោង ត្រូវរកឲ្យឃើញព្រោះការបំផ្លិចបំផ្លាញដែលចេញពីកន្លែងនេះគឺវាធំធេងពេក »។
សម្តេចក៏បានថ្លែងទៅកាន់លោក កែ កឹមយ៉ាន ដែលនៅទីនេះស្រាប់ថា៖ ដោយសារតែប៉ុន្មានថ្ងៃនេះមានការចាប់រួចហើយមិនដឹងទៅណាវាទាមទារឲ្យ ហ៊ុន សែន ត្រូវលូកដៃចូលទៅក្នុងសំណុំរឿងមួយនេះ។ មិនអាចឲ្យរួចផុតបានទេ ឧក្រិដ្ឋកម្មមួយនេះវាធ្ងន់ហួស គ្រឿងញៀនវាបានបំផ្លាញនូវអនាគតរបស់យុវជនរបស់យើងមិនតិចទេហើយនៅមណ្ឌលកំសាន្តរ៉កនេះ វាបានបំផ្លាញអនាគតយុវជនដ៏ច្រើនរួចមកហើយ អញ្ចឹងទេមិនអាចត្រឹមផ្តន្ទាទោសត្រឹមតែអាមេកាតូចតាច អាមេបន្ទាប់ និង អ្នកជក់នោះទេ ចាប់អាមេក្លោងធំឲ្យបាន។ រឿងនេះត្រូវធ្វើឲ្យម៉ត់ ចត់ ធ្វើឲ្យដាច់ខាត ដោយគ្មានការលើកលែងទេ។
សម្តេចតេជោបានបន្តថា៖ «ខ្ញុំបានបញ្ជាក់ហើយថាអភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្បែរ ព្យាបាល វះកាត់ មិនមែនធ្វើតែវិស័យរដ្ឋទេ ធ្វើទាំងវិស័យឯកជន ក៏ត្រូវធ្វើដែរ សង្គមទាំងមូលត្រូវធ្វើយល់អំពីបញ្ហានេះ គ្មានការលើកលែងណាមួយដែលអាចលើកលែងទៅរួចនោះទេ បើជាប់ដល់ថ្នាក់មន្ត្រីប៉ុណ្ណាក៏ត្រូវតែធ្វើដែរ។ ខ្ញុំធ្លាប់បាននិយាយរួចហើយថាកុំថាអ្នកឯងពាក់ផ្កាយខ្ញុំដកមិនបាន ពាក់លោកខែក៏ខ្ញុំដកបានដែរ ខ្ញុំចាប់បានដែរ ឲ្យតែតុលាការសើបអង្កេតឲ្យបានត្រឹមត្រូវ ហើយកុំឲ្យអ្នកណាមកជើងកាង ទោះបីជើងកាងចេញមកមួយកងពលក៏ដោយ ខ្ញុំវ៉ៃកំទេចចោលទាំងអស់។ ដូចនេះក្រុមគ្រឿងញៀនត្រូវមើលឲ្យ ច្បាស់អំពីចំណុចនេះ យើងត្រូវចាប់ផ្តើមសកម្មភាពពីមូលដ្ឋានរ៉កនេះមួយ ដើម្បីបង្ហាញថាមិនមែនបញ្ហាគ្រាន់តែចាប់អាតូចតាចនោះទេ មេក្លោងធំប៉ុណ្ណាក៏ដោយ ទោះបីក្នុងវិស័យឯកជន វិស័យរដ្ឋ ហ្អែងមានលុយប៉ុណ្ណាក៏ដោយ ហ្អែងមានសក្តិប៉ុណ្ណាក៏ដោយ គឺវ៉ៃទាំងអស់» ។
សម្តេចបានបន្តថាយើងត្រូវយកខ្សាច់និងគ្រួសចេញពីស្បែកជើងរបស់យើងទើបយើងអាចដើរទៅមុខបាន ខ្ញុំអាចបន្ថែមថាពេលនេះ ខ្លាក៏វ៉ៃ ពស់ក៏វ៉ៃ កន្លាតក៏វៃ រុយក៏វ៉ៃ ឲ្យតែបំផ្លាញដល់សង្គមគឺវ៉ៃទាំងអស់ បើមិនធ្វើបែបនេះមិនមានការរៀងចាលទេ ត្រូវតែវ៉ៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា៖ តួលេខរបស់ក្រសួងសុខាភិបាលបានបញ្ចាក់ថា អ្នកប្រើប្រាស់គ្រឿងញៀនបានទទួលសេវាព្យាបាលបានកើនឡើងពី ៣១០១ នាក់ នៅឆ្នាំ ២០១៧ ទៅ ៨.០៩៦នាក់នៅឆ្នាំ២០១៨។ ដូចនេះវាមិនមែនជាការត្រូវត្រេកអរនោះទេ គឺត្រូវមានការព្រួយបារម្ភព្រោះចំនួនអ្នកប្រើប្រាស់គ្រឿងញៀនមានការកើនឡើង។ អញ្ចឹងទេយើងត្រូវរកគ្រប់វិធីដើម្បីបំផ្លាញចោលក្រុមគ្រឿងញៀននេះ។
សម្តេចបន្តថាក្រុមគ្រឿងញៀននេះវាជ្រកកោននៅទីណា? គឺនៅទីណាដែលវាគម្បីត្រូវជ្រក ពិសេសកន្លែងដែរមានការគ្រប់គ្រងធូររលុងរបស់យើងតែម្តង អញ្ចឹងទេកន្លែងមួយចំនួនក៏បានក្លាយទៅជាកន្លែងប្រើប្រាស់នូវគ្រឿងញៀននេះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានជូនសារជាថ្មីទៀតដោយសម្តេចបានបញ្ជាក់ថាការជូនសារនេះវាមិនមែនដើម្បីជះឥទ្ធិពលទៅលើបញ្ហាតុលាការនោះទេ។ ក៏ប៉ុន្តែត្រូវធ្វើឲ្យម៉ត់ចត់បើធ្វើមិនម៉ត់ចត់ទេ តុលា ការក៏មិនរួចខ្លួនដែរ។
សម្តេចបន្តថាសម្តេចមិនព្រមានតុលាការទេ ក៏ប៉ុន្តែសម្តេចមិនសុខចិត្ត សម្តេចនៅក្នុងផ្នែកតុលាការ ការគ្រប់គ្រង់នយោបាយព្រហ្មទណ្ឌគឺមានផ្នែកអយ្យការ និង ព្រះរាជអាជ្ញា ស្ថិតនៅក្រោមរដ្ឋមន្ត្រៅក្រសួងយុត្តិធម៌ ព្រោះយើងបានប្រកាន់យកប្រព័ន្ធបារាំង យកមកប្រើប្រាស់។ ចៅក្រមត្រូវស្ថិតក្រោមការតែងតាំងរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ប៉ុន្តែផ្នែកព្រះរាជអាជ្ញា ត្រូវបានស្នើដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទៅឧត្តមក្រុមប្រឹក្សាអង្គចៅក្រម នេះជាការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌ។ដូចនេះប្រសិនបើព្រះរាជអាជ្ញាមិនព្រមធ្វើការចោទប្រកាន់តើពួកគេតំណាងឲ្យរដ្ឋាភិបាលតាមរបៀបណា ដូចនេះរដ្ឋមន្ត្រីក្រសួងយុត្តិធ៌មត្រូវស្នើសុំព្រះមហាក្សត្រដកព្រះរាជអាជ្ញានោះចេញតែម្តង។ ព្រះរាជអាជ្ញាត្រូវតែតាមដានរឿងនេះ ព្រោះអ្នកឯកជាដើមបណ្តឹង ទោះកាត់នៅសាលាដំបូងក៏ដោយ ហើយបើសិនចៅក្រមសាលាដំបូងកាត់ឲ្យរួចខ្លួន ព្រះរាជអាជ្ញាត្រូវប្តឹងទៅសាលាឧទ្ធរទៀតក្នុងឋានៈជាតំណាងឲ្យរដ្ឋប្តឹងទៅឧទ្ធរណ៍ភ្លាម។ ព្រះរាជអាជ្ញាត្រូវដឹងថាខ្លួនជាតំណាងឲ្យផលប្រយោជន៍របស់រដ្ឋ ដែលត្រូវតែធ្វើការចោទប្រកាន់ បើឧទ្ធរណ៍ចាញ់ទៀត យើងបន្តប្តឹងទៅតុលការកំពូល។
សម្តេចតេជោបានបន្តថាយើងនឹងតាមដានមើលដំណើរការរបស់តុលាការបន្តទៀតព្រោះយើងមិន សិទ្ធិទៅកាត់ទោសដោយខ្លួនឯងនោះទេ ព្រោះយើងជានិតិប្រតិបត្តិ។ ក៏ប៉ុន្តែនិតិប្រតិបត្តិក៏មាននយោបាយព្រហ្មទណ្ឌ តាមរយៈអង្គអយ្យការគឺព្រះរាជអាជ្ញា ៕