បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក ឃុំ និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន១៥០០គ្រួសារនៅខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេននិងជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ពិសេសនៅស្រុកអូរជ្រៅ និងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងគ្រប់សាសនា នៅក្នុងកាលៈទេសៈប្រទេសកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃជំងឺរាតត្បាតCOVID-19 បានរួមគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់អនុវត្តតាមការអំពាវនាវ និងណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងបរិច្ចាគធនធាន និងសម្ភារផ្ទាល់ខ្លួនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថាកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការប្រកបដោយភាពស្វាហាប់ ដើម្បីបង្ការកុំឱ្យ មានការរីករាលដាលជំងឺCOVID-19 នៅកម្ពុជា និងរក្សាបាននូវទំនាក់ទំនង ជា ប្រចាំជាមួយអន្តរជាតិតាមរយៈកាយវិការមនុស្សធម៌ និងបានធ្វើឲ្យទំនាក់ទំនងកម្ពុជានិងចិនកាន់តែស៊ីជម្រៅ បង្ហាញពីការជួយគ្នាក្នុងគ្រាក្រ។
ជាមួយនឹងបញ្ហាកូវីដ១៩ ពុំទាន់មានសញ្ញាធូរស្រាលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវ ខិតខំថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ព័ត៌មានក្លែងក្លាយបង្ករ ចលាចលសម្របសម្រួលចរាចរទំនិញឆ្លងកាត់ បន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល រក្សាគម្លាតសុវត្ថិភាព អនាម័យជាប្រចាំ មិនចេញក្រៅបើមិនចាំបាច់បន្តអនុវត្តការធ្វើចត្តាឡីស័កពលករដែលមកពីក្រៅប្រទេសនិងកម្មករដែលត្រឡប់មកពីស្រុកកំណើតក្នុងកំឡុងពេលចូលឆ្នាំបន្តព្យាបាល ថែទាំអ្នកជំងឺកូវីដ១៩ បន្តឧបត្ថម្ភស្បៀងសង្គ្រោះដល់គ្រួសារជនក្រីក្ររងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ បំផុសជំរុញឱ្យធ្វើកសិកម្ម ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារជំរុញការរៀនសូត្រតាមប្រព័ន្ធonline ដើម្បីពង្រឹងចំណេះដឹង និងគុណភាពសិក្សា និងប្រែក្លាយបញ្ហាប្រឈមពីជំងឺកូវីដ១៩ ឱ្យក្លាយទៅជាកា លានុវត្តន៍ ថ្មីប្រែក្លាយធនធានមនុស្ស ជំនាន់ថ្មីក្លាយ ជាធនធានដ៏មានសក្តានុពលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដើម្បីសម្រេចបានតាមចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០។
ក្នុងទឹកចិត្តសប្បុរសនិងជួយគ្នាក្នុងគ្រាក្រ លំបាក ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកអំណោយ ទេយ្យទាន បច្ច័យ ប្រគេន និងផ្តល់ជូនដល់
ទី១.ប្រគេនជូនដល់វត្តចាន់ស៊ី រួមមាន អង្ករ២០០ គីឡូក្រាម, មី៥កេស, ត្រីខ ៥០កំប៉ុង, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១០យួរ, ទឹកក្រូច៥កេស, បច្ច័យ១លានរៀល,
ទី២.ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ចំនួន២០០គ្រួសារ ដែលមកចូលរួមក្នុងកម្មវិធីក្នុង១គ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, នំធុង១ធុង, ក្រមា២, ថវិកា៥ម៉ឺនរៀល
ទី៣.ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន១៣០០គ្រួសារ នៅតាមគេហដ្ឋានក្នុង១គ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ ១យួរ
ទី៤.ឧបត្ថម្ភឃុំកូប មណ្ឌលសុខភាពកូប និងក្រុមចត្តាឡីស័ក នៅកូប ក្នុងអង្គភាព១លានរៀល។
ទី៥.ឧបត្ថម្ភក្រុង/ស្រុក ទាំង៩ ក្នុង១ក្រុង/ស្រុក ថវិកា២លានរៀល
ទី៦.ឧបត្ថម្ភ នគរបាល កងរាជអាវុធហត្ថ យោធាសឹករង កងពល៥១ ភូមិភាគជួរមុខ កងការពារព្រំដែន៥០៣ នគរបាលអន្តោប្រវេសន៍ ក្នុង១អង្គភាពៗទទួលបានថវិកា៥០ម៉ឺនរៀល។
ទី៧.ឧបត្ថម្ភក្រុមចត្តាឡីស័កឬ ទាំង១១ទីតាំងនិងក្រុងប៉ោយប៉ែតសរុប២០៤នាក់ម្នាក់ៗថវិកា២ម៉ឺនរៀល
ទី៨.ឧបត្ថម្ភ ដល់គណកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ ថវិកា១០០លានរៀល ៕