សៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលខេត្តកណ្តាល និងខេត្តសៀមរាប សហការគ្នាតាមរកកាំភ្លើងខ្លីដែលនគរបាលប៉ុស្តិ៍បាក់ខែង ដែលបាញ់សម្លាប់ប្អូនថ្លៃនៅកោះឧកញ៉ាតី កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នៅចំណុចភូមិ ចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សូមរមហលឹកថា ករណីនេះកម្លាំងនគរបាលសហការគ្នា ចាប់ខ្លួនជនសង្ស័យដែលបាញ់សម្លាប់ប្អូនថ្លៃនេះ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅខេត្ដស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្ដព្រះវិហារ ក្រោយពីជនដៃដល់រូបនេះព្យាយាមរត់គេចខ្លួនអស់រយៈពេល៧ថ្ងៃ បន្ទាប់ពីបាញ់ប្រហារប្អូនថ្លៃខ្លួនឯង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់។
ជនដៃដល់ឈ្មោះ សែន រ៉ានុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ខែង។ ចំណែកឯជនរងគ្រោះឈ្មោះ ម៉ៅ ប៊ុនហេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។
ជនសង្ស័យនិងជនរងគ្រោះត្រូវជាបងប្អូនថ្លៃ(សាច់ថ្លៃ)នឹងគ្នា អ្នកទាំង២មានទីលំនៅភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នៅថ្ងៃកើតហេតុ ជនសង្ស័យមានទំនាស់ ជាមួយប្រពន្ធ ខ្លួនឈ្មោះ គង់ សុខជា ដោយជនសង្ស័យយកអាវុធខ្លី ភ្ជុងប្រពន្ធខ្លួន ពេលនោះជនរងគ្រោះ ចេញមកឃាត់ដោយនិយាយថា ចាំបាច់យកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី និយាយតែប៉ុណ្ណឹង ស្រាប់តែជនសង្ស័យបាញ់សំដៅទៅជនរងគ្រោះ១គ្រាប់ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយមកជនសង្ស័យបានយកម៉ូតូឈ្មោះ ផល ជាអ្នកជិតខាងជិះគេចខ្លួនបាត់តែម្ដង។
នគរបាលបន្តថា បន្ទាប់ពីកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យបាន ហើយ ក៏បានសារភាពថា ខ្លួនបានយកកាំភ្លើងខ្លីម៉ាកK54 យកមកលាក់ទុកក្នុងអាងទឹកនៃស្ថានីយ៍ហ្គាសនៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង មានយីហោ ស៊ីរ៉ាហ្គាស។ ក្រោយមកសមត្ថកិច្ចខេត្តកណ្តាល ក៏បានមកយកវត្ថុតាងខាងលើ ហើយបុគ្គលិក ស្ថានីយមានឈ្មោះមួង លីដា អាយុ២១ឆ្នាំ នៅភូមិឃុំខាងលើ បានប្រគល់អាវុធម៉ាក K54ឲ្យទៅនគរបាលជំនាញចាត់ការបន្ត៕