ភ្នំពេញ៖ សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ បង្ការនិងទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ ក្នុងប្រទេសកម្ពុជារួមមានម៉ាស់សំរាប់ការពារ ជែលនិងទឹកអាល់កុល ដែលជា អំណោយរបស់ក្រុមហ៊ុនណាហ្គាវើល ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ។ ពិធីប្រគល់និងទទួលបានធ្វើ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព អភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពិធីប្រគល់និងទទួលជំនួយនេះ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវតែបន្តរក្សាការការពារខ្លួន ដោយការប្រុងប្រយ័ត្នខ្ពស់ថែមទៀត ព្រោះជំងឺកូវីដនេះ មិនទាន់រកឃើញវ៉ាក់សាំងការពារ ឬថ្នាំព្យាបាលពិតប្រាកដនៅឡើយទេ ទាល់តែគេរកឃើញវ៉ាក់សាំងការពារ ឬថ្នាំព្យាបាលជា ពិតប្រាកដ ទើបការបញ្ចប់ជំងឺនេះ ហៅថាទទួលបានជោគជ័យ។
ឯកឧត្តមបញ្ជាក់ថា ជោគជ័យសព្វថ្ងៃនេះ ជាជោគជ័យមួយ ដោយយើងអាចទប់ស្កាត់ ការឆ្លង ដោយការអនាម័យចេញពីខ្លូនយើងម្នាក់ៗ។
ឯកឧត្តមបានស្នើសុំអោយបងប្អូនប្រជាពលរដ្ឋ កុំភ័យខ្លាចពេក កុំហ៊ានពេក ប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវធ្វើយ៉ាងណា អោយមានគម្លាតពីគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ បង្ការនិងទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ ក្នុងប្រទេសកម្ពុជារួមមានម៉ាស់ ចំនួន១ម៉ឺនម៉ាស់ ជែលសំរាប់លាងដៃ១ពាន់ដប និងទឹកអាល់កុល៦កាន៕