ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សោម សាទុម មេបញ្ជាការរងកងទ័ពជើងអាកាស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស បានដឹកនាំគណៈប្រតិភូ នាំមកនូវថវិកាបរិច្ចាគប្រចាំឆ្នាំ២០២០ ចំនួន ៧៧ ៤៤០ ០០០ រៀល និង១២០ដុល្លារអាមេរិក ដែលទទួលបានពីសមាជិកគាំទ្រចំនួន១២៤៦នាក់ ដែលជានាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
នៅក្នុងពិធីប្រគល់-ទទួលនេះ លោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមបរិច្ចាគពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេសគឺទឹកចិត្តខ្មែរជួយខ្មែរ ដើម្បីស្នាមញញឹមរបស់កុមារនៅកម្ពុជា ដែលនេះ ជាកាយវិការគួរឱ្យគោរព និងកោតសរសើរ ទោះបីជាក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងតែមមារញឹកក្នុងការប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយុទ្ធពលខេមរភូមិន្ទរបស់យើង មិនបោះបង់កុមារកម្ពុជាចោលឡើយ ពោលគឺពួកគាត់នៅតែបន្តបរិច្ចាគដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមាររាប់លាននាក់នៅកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សោម សាទុម បានថ្លែងអំណរគុណជូនចំពោះក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានសម្របសម្រួល និងចំណាយពេលដ៏មានម្លៃទទួលជួប និងសំណេះសំណាល ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់សប្បុរសជនទាំងអស់ ដែលមានបំណងចូលរួមធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សោម សាទុម ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រដល់ការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌នេះ និងបានសន្យាបន្តបំផុសចលនាគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមមធ្យោបាយនានាដែលអាចធ្វើបាន សម្រាប់ឆ្នាំក្រោយៗទៀត។
នៅទីបញ្ចប់ លោក នង ពិសិដ្ឋ បានថ្លែងអំណរគុណសារជាថ្មីជូនចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក សោម សាទុម និងបានលើកទឹកចិត្តឱ្យមានការបន្ត និងពង្រីកការចូលរួមបរិច្ចាគ ឱ្យបានកាន់តែទូលំទូលាយ ទាំងនៅតាមក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ក៏ដូចជាសាធារណជន ដើម្បីរួមគ្នាធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីភាពញញឹមរបស់កុមារ ក្រោមដំបូលសន្តិភាព ៕