អាង​ហែល​ទឹក​ខ្នាត​អន្តរជាតិ​ នៅ​ពហុ​កីឡដ្ឋាន​អូ​ឡាំ​ពិ​ក​ ក្រោយ​ពី​ជួសជុល​រួច​១០០%​ អាច​អង្គុយ​ទស្សនា​ជាង​១៦០០​កៅអី​ និង​ចំណាយ​ថវិកា​ជិត​៣​លាន​ដុល្លារ​

24-April-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ពុធ​ ២​កើត​ ខែ​ពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០២០​ ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចុះ​ទទួល​អាង​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​អូ​ឡាំ​ពិ​ក​ ក្រោយ​ពី​ជួសជុល​រួច​១០០​ភាគរយ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​ តំណាង​ក្រុមហ៊ុន​សាងសង់​ សមាជិក​សមាជិកា​សហព័ន្ធ​ និង​កីឡាករ​ កីឡាការិនី​ជា​ច្រើន​រូប​ផង​ដែរ​។​

​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា​ អាង​ហែល​ទឹក​នេះ​ត្រូវ​បាន​ជួសជុល​ និង​ពង្រីក​បន្ថែម​ ដែល​មាន​បណ្ដោយ​ប្រវែង​ ៥០​ម៉ែត្រ​ និង​ទទឹង​ប្រវែង​ ២៥​ម៉ែត្រ​ និង​មាន​១០​បន្ទាត់​ ជា​ខ្នាត​អន្តរជាតិ​ សាងសង់​ដោយ​ក្រុមហ៊ុន​ Shanghai​ Construction​ ដោយ​ប្រើប្រាស់​រយៈពេល​១៨​ខែ​ និង​ចំណាយ​ថវិកា​ជិត​៣​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ជា​ជំនួយ​របស់​ក្រុមហ៊ុន​ Shanghai​ Construction​ បំពាក់​ដោយ​ម៉ាស៊ីន​បូម​ និង​ម៉ាស៊ីន​ចម្រោះ​ទឹក​ថ្មីៗ​ បន្ទប់​សម្រាប់​ដាក់​ឧបករណ៍​ បន្ទប់​បញ្ជា​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ ផ្ទាំង​LED​ សាល​ហ្វឹកហាត់​សាច់ដុំ​ សាល​ប្រជុំ​ បន្ទប់​ស្នាក់​នៅ​ អាហារ​ដ្ឋា​ន​ និង​កៅអី​ជាង​១៦០០​ សម្រាប់​អង្គុយ​ទស្សនា​។​

​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​ បច្ចុប្បន្ន​កម្ពុជា​ មាន​អាង​កីឡាហែលទឹក​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូច​ជា​៖​ ខេត្តបាត់ដំបង​ កំពង់ចាម​ ភ្នំពេញ​ និង​ខេត្តកណ្ដាល​ (​ស្រុក​កោះធំ​)​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​យុវជន​កម្ពុជា​ទាំងឡាយ​ដែល​ស្នេហា​កីឡា​នេះ​ ចូលរួម​ហ្វឹកហាត់​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ លើ​វិញ្ញាសា​ហែល​ទឹក​ បាល់​ទឹក​ លោតទឹក​ និង​របាំ​ទឹកជា​ដើម​ ដើម្បី​បង្កើន​ និង​ពង្រឹងសមត្ថភាព​កីឡាករ​ កីឡាការិនី​របស់​ខ្មែរ​ឱ្យ​ដល់​កម្រិតស្តង់ដា​អន្តរជាតិ​ និង​ឈាន​ទៅ​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​មាតុភូមិ​។​

​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ បាន​លើក​ឡើង​ថា​ ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៦០​ កម្ពុជា​មាន​ភាព​ល្បីល្បាញ​ពាសពេញ​សកលលោក​ តាម​រយៈ​ការ​ដណ្ដើម​បាន​មេដាយ​ជា​បន្តបន្ទាប់​ទាំង​ក្នុង​តំបន់​ និង​ពិភពលោក​លើ​វិញ្ញាសា​កីឡាហែលទឹក​ ហើយ​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ប្រាថ្នា​ចង់​ឃើញ​យុវជន​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ស្ដារ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ជាតិ​ឱ្យ​ល្បី​សុះសាយ​ឡើង​វិញ​ ឬ​មាន​សមត្ថភាព​ជាង​ទសវត្សរ៍​នោះ​។​

​ជាមួយ​គ្នា​នោះ​ផង​ដែរ​ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​យុវជន​កម្ពុជា​ទាំងអស់​ឱ្យ​ចូលរួម​ហាត់​កីឡា​នេះ​ឱ្យ​បាន​ច្រើន​ ក្រោយ​ស្ថានភាព​ជំងឺ​កូ​វី​ដ​-19​ ត្រូវ​បាន​បញ្ចប់​ ព្រោះថា​ការ​ចូលរួម​ហាត់​របស់​បងប្អូន​សហព័ន្ធ​នឹង​មិន​គិត​ប្រាក់​ឡើយ​។​

​លើស​ពី​នេះ​ទៅ​ទៀត​ សហព័ន្ធ​នឹង​ផ្ដល់​គ្រូបង្វឹក​ដែល​មានបទពិសោធន៍​ល្អៗ​ ដើម្បី​បង្ហាត់​ សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​មនា​ឆ្នាំ​២០២៣​ ខាង​មុខ​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ​។​

​សូម​បញ្ជាក់​ថា​៖​ ឆ្នាំ​១៩៦១-១៩៦៥​ ពហុ​កីឡដ្ឋាន​ជាតិ​ រួម​ទាំង​អាង​ហែល​ទឹក​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ បិតា​ស្ថាបត្យករ​ខ្មែរ​ លោក​ វណ្ណ​ មូល្លី​វណ្ណ​ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ព្រះ​បរម​រតន​កោដ្ឋ​ សម្ដេច​ព្រះបាទ​នរោត្ដម​សីហ​នុ​ ហើយ​បើក​ឱ្យ​ដំណើរការ​តាំ​ពី​ឆ្នាំ​១៩៦៧​។​ ចន្លោះ​ឆ្នាំ​ ១៩៧៥-១៩៧៩​ អាង​ហែល​ទឹក​ និង​អាង​លោតទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ត្រូវ​បាន​ខូចខាត​ដោយសារ​សង្គ្រាម​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ (​របប​ប៉ុ​ល​ពត​)​។​ នៅ​ឆ្នាំ​១៩៨០​ លោក​ព្រឹទ្ធាចារ្យ​ ហែម​ ថុ​ន​ និង​លោក​ព្រឹទ្ធាចារ្យ​ ផាត់​ សំ​អ៊ុ​ន​ រួម​ទាំង​មន្ត្រី​មួយ​ចំនួន​បាន​ស្ដារ​ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​អាង​ហែល​ទឹក​ និង​អគារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើងជា​បន្តបន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្ន​ ព្រមទាំង​ទទួល​ការ​ប្រកួត​ជាតិ​ និង​អន្តរជាតិ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន​។​ ដោយ​មើលឃើញ​ពី​ការ​លំបាក​ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ បាន​ស្វែងរក​ថវិកា​ពី​សប្បុរសជន​ និង​បាន​ជួសជុល​ និង​ពង្រីក​អាង​ហែល​ទឹក​នេះ​ឱ្យ​មាន​លក្ខណៈ​ស្ដង់ដា​អន្តរជាតិ​ឡើង​វិញ​ ៕

ចំនួនអ្នកទស្សនា

    19630477

  • ថ្ងៃនេះ1821
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20671
  • ខែនេះ66771
  • ឆ្នាំនេះ403031
  • សរុប19630477