ពលរដ្ឋ​នៅ​តែ​បន្ត​រង​គ្រោះ​ ព្រោះ​ក្រុមហ៊ុន​ ផា​ន​អ៊ី​ម៉ិច​ ធ្វើ​ប្លង់​គ្រប​យក​ដី​ទៅ​លក់​ ទាំង​បំពាន​ និង​មិន​ព្រម​ផ្តល់​សំណង​សមរម្យ​

24-April-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ រហូត​មក​ដល់​ពេល​នេះ​ ករណី​រំលោភ​បំពាន​កម្មសិទ្ធិ​ និង​ធ្វើ​ប្លង់​គ្រប​យក​ដី​របស់​ប្រជាពលរដ្ឋ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​សាងសង់​បុរី​ ពី​សំណាក់​ក្រុមហ៊ុន​ ផា​ន​ អ៊ី​ម៉ិច​ នៅ​ក្នុងភូមិ​ស្វាយ​តា​អុក​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ នៅ​តែ​បន្ត​អូស​បន្លាយ​ ខណៈ​ដែល​ភាគី​ម្ចាស់​ដី​នៅ​ពុំ​ទាន់​បាន​សំណង​សម​ស្រប​ណាមួយ​។​

​ពលរដ្ឋ​ជា​ម្ចាស់​ដី​ ឈ្មោះ​ គង់​ វិចិត្រ​ និង​ឈ្មោះ​ ចាន់​ ស្រី​យ៉ា​ បាន​អះអាង​ថា​ រហូត​មក​ដល់​ពេល​នេះ​ ដី​របស់​ពួក​គាត់​មាន​ទំហំ​ ៥,៣៩០.៤៩​ម៉ែត្រការ៉េ​ ស្ថិត​នៅ​ភូមិ​ស្វាយ​តា​អុក​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ ត្រូវ​បាន​ លោកស្រី​ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ ម្ចាស់​ក្រុមហ៊ុន​ ផា​ន​ អ៊ី​ម៉ិច​ ធ្វើ​ប្លង់​គ្រប​យក​ទៅ​លក់​បន្ត​ឲ្យ​ក្រុមហ៊ុន​បុរី​ ប៉េង​ ហួត​។​

​ជាមួយ​គ្នា​នោះ​ ភាគី​ម្ចាស់​ដី​ ក៏​បាន​បញ្ជាក់​ថា​ កន្លង​ទៅ​ថ្មីៗ​នេះ​ លោកស្រី​ ស៊ុ​យ​ សុ​ផា​ន​ និង​តំណាង​ ជា​ច្រើន​នាក់​ បាន​ច​ចារ​សំណង​ថ្លៃ​ដី​ដែល​បាន​ធ្វើ​ប្លង់​គ្រប​នោះ​ ក្នុង​តម្លៃ​ក្រោម​ទីផ្សារ​ឆ្ងាយ​ពេក​ដែល​ពួក​គាត់​ពុំ​អាច​ទទួលយក​បាន​ឡើយ​។​

​គួរ​បញ្ជាក់​ថា​ ករណី​វិវាទ​ដីធ្លី​នេះ​ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ ក៏​ធ្លាប់​បាន​កោះហៅ​ភាគី​ពាក់ព័ន្ធ​ចូលខ្លួន​ដោះស្រាយ​ដែរ​ ប៉ុន្តែ​ភាគី​រង​គ្រោះ​នៅ​តែ​រង​គ្រោះ​ ភាគី​អ្នក​យក​ដី​នៅ​តែ​យក​ទៅ​លក់​បាន​តាមតែ​អំពើ​ចិត្ត​ ដោយ​ពុំ​ញញើត​ច្បាប់​សូ​ម្បី​បន្តិច​សោះឡើយ​។​

​យោង​តាម​កំណត់ហេតុ​ប្រជុំ​ដោះស្រាយ​ករណី​បណ្តឹង​របស់​ម្ចាស់​ដី​ឈ្មោះ​ គង់​ វិចិត្រ​ នៅ​សាលា​ខណ្ឌ​ច្បារ​អំពៅ​ ដែល​មាន​លោក​ ចេ​ង​ មុនី​រ៉ា​ អភិបាល​ខណ្ឌ​ជា​ប្រធាន​អង្គប្រជុំ​ កាលពី​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ភាគី​លោក​ គង់​ វិច​ត្រ​ បាន​អះអាង​ថា​ ក្រុមហ៊ុន​បាន​បូម​ខ្សាច់​លុប​លើ​ដី​របស់​ខ្លួន​ (​មាន​ទីតាំង​ និង​ទំហំ​ខាងលើ​)​ ដែល​បាន​ទិញ​ពី​ឈ្មោះ​ យឹ​ម​ សា​រុន​ កាលពី​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៤​ ដោយ​មានការ​ទទួលស្គាល់​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ ភូមិ​ សង្កាត់​ និង​ខណ្ឌ​ ដូច្នេះ​ភាគី​លោក​ស្នើ​ឲ្យ​មានការ​ផ្ទៀងផ្ទាត់​ទីតាំង​ដី​របស់​លោក​ និង​ដី​របស់​ក្រុមហ៊ុន​របស់​លោកស្រី​ ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ ឡើង​វិញ​។​

​ក្រោយមក​ លោកស្រី​ ស៊ុ​យ​ សុ​ផា​ន​ បាន​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​គ្រប​ពីលើ​ដី​របស់​ឈ្មោះ​ គង់​ វិចិត្រ​ និង​ចាន់​ ស្រី​យ៉ា​ នៅ​អំឡុង​ឆ្នាំ​២០១៨​ ដើម្បី​យក​ទៅ​លក់​បន្ត​ឲ្យ​ក្រុមហ៊ុន​ បុរី​ ប៉េង​ ហួត​។​

​ចំណែក​ភាគី​លោក​ អ៊ឹ​ង​ សុខ​ហេង​ ជា​តំណាង​ឲ្យ​លោកស្រី​ ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ បាន​លើក​ឡើង​ថា​ នៅ​ឆ្នាំ​២០១៨​ ឈ្មោះ​ យឹ​ម​ សា​រុន​ បាន​លក់​ដី​នៅ​ភូមិ​ស្វាយ​តា​អុក​ ទំហំ​ ៥៧,៥០០​ម៉ែត្រការ៉េ​ ជូន​ក្រុមហ៊ុន​ ផា​ន​ អ៊ី​ម៉ិច​ ទាំងអស់​ និង​មាន​កិច្ចសន្យា​ត្រឹមត្រូវ​។​

​ចំណែក​លោក​ យឹ​ម​ សា​រុន​ បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ថា​ លោក​ពិតជា​បាន​លក់​ដី​ទំហំ​៥,៣៩០.៤៩​ម៉ែត្រការ៉េ​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្វាយ​តា​អុក​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ និង​បាន​ប្រគល់​ការ​គ្រប់គ្រង​ដី​នេះ​ឲ្យ​ទៅ​ឈ្មោះ​ គង់​ វិចិត្រ​ និង​ឈ្មោះ​ ចាន់​ ស្រី​យ៉ា​ តាំងពី​ឆ្នាំ​ ២០១៤​ យ៉ាង​ពិតប្រាកដ​។​

​ដោយឡែក​លោក​ លឹ​ម​ ពី​ ប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារ​អំពៅ​ បាន​ថ្លែង​ថា​ តាម​ការ​ផ្ទៀងផ្ទាត់​ប្លង់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ ផា​ន​ អ៊ី​ម៉ិច​ ឃើញ​ថា​ បាន​គ្រប់​លើ​ដី​របស់​ឈ្មោះ​ គង់​ វិចិត្រ​ និង​ឈ្មោះ​ ចាន់​ ស្រី​យ៉ា​ ទាំងស្រុង​ ហើយ​ការ​អនុវត្ត​ចុះបញ្ជី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​នេះ​ គឺ​ធ្វើ​តាម​នីតិវិធី​ ដោយ​មាន​លោកស្រី​ ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ ជា​អ្នកចូលរួម​ និង​ដើរ​ចង្អុលបង្ហាញ​ទីតាំង​ព្រំ​ដី​ និង​លោកស្រី​ ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ បាន​ធានា​អះអាង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ប្រសិនបើ​ដី​នោះ​ជាន់​លើ​ដី​របស់​ពលរដ្ឋ​៕

ចំនួនអ្នកទស្សនា

    19630677

  • ថ្ងៃនេះ2021
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20871
  • ខែនេះ66971
  • ឆ្នាំនេះ403231
  • សរុប19630677