ភ្នំពេញ៖ កាលពីថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយមិនជូនដំណឹងទុកមុន នូវការអនុវត្តការសាងសង់ធ្វើឱ្យប្រសើរឡើង នូវកំណាត់ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២២ ផ្លូវជាតិលេខ៣។
ការចុះត្រួតពិនិត្យនេះគឺដើម្បី ពិនិត្យឱ្យឃើញជាក់ស្តែងនូវស្ថានភាពនៃការអនុវត្តគ្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវទាំងបីខ្សែខាងលើ ក៏ដូចជាដាស់ស្មារតីឱ្យគ្រប់ភាគីពាក់ព័ន្ធខិតខំបំពេញការងារ កសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យកាន់តែមានភាពប្រសើរឡើងសម្រាប់បម្រើឱ្យសេដ្ឋកិច្ចសង្គមជាតិកម្ពុជា។
សូមបញ្ជាក់ជូនថា៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តតាកែវ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC។ កំណាត់ផ្លូវទាំងពីរខ្សែនេះសាងសង់ឡើងដោយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយរយៈពេលសាងសង់ ចំនួន៣០ខែ គិតចាប់ពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២។
ចំណែកឯ ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែង ១៣៤,៨២៦គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ដោយប្រើរយៈពេល ៤៨ខែ សាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporation និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd៕