ភ្នំពេញ៖ នៅថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល និងខេត្តតាកែវ មន្ត្រីគ្រប់គ្រងគម្រោង និងមន្ត្រីអនុវត្តគម្រោងផ្ទាល់ របស់ក្រសួងជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីតាមដានសកម្មភាពសាងសង់របស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ថាតើបានអនុវត្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស កិច្ចសន្យា ឬសៀវភៅបន្ទុកកម្រិតណា។
ថ្លែងក្នុងកិច្ចប្រជុំនាពេលនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការតាមដានឱ្យបានដិតដល់ពីសំណាក់ក្រុមការងារបច្ចេកទេសក្រសួងគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីតម្រូវឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសអនុវត្តគម្រោងបានត្រឹមត្រូវតាមសៀវភៅបន្ទុក សំដៅរក្សាបាននូវគុណភាពផ្លូវថ្នល់របស់យើង។
ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រប់គម្រោងដែលកំពុងអនុវត្តក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានកិច្ចប្រជុំប្រចាំខែឱ្យបានទៀងទាត់ ដើម្បីពិនិត្យឱ្យបានជាប្រចាំនូវវឌ្ឍនភាពគម្រោង បញ្ហាប្រឈម និងដំណោះស្រាយ សំដៅឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគុណភាព។
លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនប្រឹក្សាបច្ចេកទេសរាយការណ៍មកក្រសួងអំពីសកម្មភាពរបស់ក្រុមហ៊ុនសាងសង់ដើម្បីរកនីតិវិធីដោះស្រាយឱ្យបានទាន់ពេលវេលា ក្នុងគោលបំណងឱ្យគម្រោងទាំងនោះប្រព្រឹត្តទៅ និងបញ្ចប់តាមកិច្ចសន្យា។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីអនុវត្តគម្រោងផ្ទាល់តាមដានការសាងសង់ និងការផ្ដល់បច្ចេកទេសរបស់ក្រុមហ៊ុនប្រឹក្សាបច្ចេកទេស និងហ៊ាននិយាយថាខុស ប្រសិនបើការសាងសង់នោះខុសនឹងលក្ខណៈបច្ចេកទេស ឬខុសពីកិច្ចសន្យា ដោយហេតុថាវាជាផ្លូវរបស់យើងទាំងអស់គ្នា ប្រសិនបើការសាងសង់មិនមានគុណភាព នោះវាគឺជាបន្ទុករបស់យើងទាំងអស់គ្នា និងជាការខ្ជះខ្ជាយថវិកាជាតិផងដែរ។
សូមបញ្ជាក់ជូនថា៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តតាកែវ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC។
កំណាត់ផ្លូវទាំងពីរខ្សែនេះសាងសង់ឡើងដោយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ចាប់ពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២ ៕