ក្រសួងបរិស្ថាន​ ប្រកាស​ចាត់វិធានការ​ច្បាប់​ លើ​អង្គការ​ សមាគម​ ធ្វើ​សកម្ម​អនាធិបតេយ្យ​នៅ​តំបន់ការពារធម្មជាតិ​

24-April-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ក្រសួងបរិស្ថាន​ បាន​ប្រកាស​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ទៅ​លើ​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សមាគម​មួយ​ចំនួន​ ដែល​ពុំ​បាន​ចុះបញ្ជី​ ឬ​កិច្ចព្រមព្រៀង​ត្រឹមត្រូវ​តាម​ច្បាប់​ ហើយ​កំពុង​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ក្នុង​តំបន់ការពារធម្មជាតិ​ ដែល​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​។​

​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២០​នេះ​ ក្រសួងបរិស្ថាន​ បាន​ចាត់​ទុក​ការ​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់ការពារធម្មជាតិ​ របស់​អង្គារ​ សមាគម​ទាំងនេះ​ គឺជា​សកម្មភាព​បំពាន​លើ​ច្បាប់​យ៉ាង​គឃ្លើន​ ដោយ​ជ្រក​ក្រោម​ស្លាក​ជា​អ្នក​ស្រឡាញ់​បរិស្ថាន​ និង​ធនធានធម្មជាតិ​ គឺជា​ចេតនា​ទុច្ចរិត​ក្នុង​ការ​ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​លើ​ការងារ​គ្រប់គ្រង​ និង​អភិរក្ស​ធនធានធម្មជាតិ​តែ​ប៉ុណ្ណោះ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​ ក្រសួង​បាន​សង្កត់ធ្ងន់​ថា​ ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​សមាគម​ណា​ ដែល​នៅ​តែ​បន្ត​បំពាន​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ និង​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​ ក្រសួងបរិស្ថាន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​អនុវត្ត​វិធានការ​ច្បាប់​។​ ជា​ពិសេស​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​ ដើម្បី​ទប់ស្កាត់​ និង​បញ្ឈប់​សកម្មភាព​បែប​នេះ​ទេ​។​

​តាម​រយៈ​សេចក្តីថ្លែងការណ៍​នេះ​ ក្រសួង​ក៏​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​តាមដាន​ពិនិត្យ​ និង​ចាត់វិធានការ​តាម​ច្បាប់​ ទៅ​លើ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​សមាគម​ណា​ដែល​ធ្វើ​សកម្មភាព​ដោយ​មិន​មានច្បាប់​ត្រឹមត្រូវ​។​

​បើ​ទោះបីជា​យ៉ាងណា​ ក្រសួងបរិស្ថាន​ ក៏​បាន​អំពាវនាវ​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​សមាគម​ នានា​ ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ បញ្ឈប់​សកម្មភាព​បែប​នេះ​ជា​បន្ទាន់​ ដើម្បី​ចៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​តាម​ផ្លូវច្បាប់​។​

​ក្រសួង​ក៏​សូម​អំពាវនាវ​ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ សមាគម​ ដៃគូ​អភិវឌ្ឍន៍​ និង​សហគមន៍​ មូលដ្ឋាន​ទាំងអស់​ ដែល​មាន​ទឹកចិត្ត​ស្រឡាញ់​បរិស្ថាន​ និង​ធនធានធម្មជាតិ​ ផ្តល់​កិច្ចសហការ​ឱ្យ​បាន​ កាន់តែ​ជិត​ស្និទ្ធ​ និង​ខ្លាំងក្លា​បន្ថែម​ទៀត​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ និង​សកម្មភាព​ការពារ​ និង​អភិរក្ស​ ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​យើង​សម្រាប់​មនុស្ស​រាប់​ជំនាន់​តទៅ​មុខ​ទៀត​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​នេះ​ ក្រសួងបរិស្ថាន​ បាន​គូសបញ្ជាក់​ថា​ ក្រសួង​គ្មាន​ផលប្រយោជន៍​អ្វី​ទៅ​ប្រឆាំង​នឹង​អ្នក​ស្រឡាញ់​ និង​ចូលរួម​ការពារ​ធនធានធម្មជាតិ​ឡើយ​ ប៉ុន្តែ​តម្រូវ​ឱ្យ​ទាំងអស់​គ្នា​គោរព​ច្បាប់​ជា​ធរមាន​ និង​ធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​កំណត់​ និង​ដោយ​ក្តី​ស្មោះត្រង់​ក្នុង​ភាព​ជា​ដៃគូ​ ដើម្បី​រួម​កម្លាំង​គ្នា​ថែរក្សា​ធនធានធម្មជាតិ​កម្ពុជា​ឱ្យ​បាន​គង់វង្ស​ សម្រាប់​មនុស្ស​រាប់​ជំនាន់​តទៅ​មុខ​ទៀត​។​

​ក្រសួង​ប្រកាស​ថា​ ក្រសួង​សូម​ស្វាគមន៍​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​សមាគម​ ដែល​បាន​ចុះបញ្ជី​ និង​កិច្ចព្រមព្រៀង​ត្រឹមត្រូវ​ស្រប​តាម​នីតិវិធី​ច្បាប់​ ឱ្យ​ចូលរួម​ក្នុង​ការងារ​ ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ ជីវៈចម្រុះ​ ប្រព័ន្ធ​អេកូឡូស៊ី​ និង​ការងារ​លើក​ស្ទួយ​ជីវភាព​រស់នៅ​ របស់​ប្រជា​សហគមន៍​ដែល​រស់នៅ​ក្នុង​ និង​ក្បែរ​តំបន់ការពារធម្មជាតិ​ ដើម្បី​បុព្វហេតុ​សម្បត្តិ​ធម្មជាតិ​ របស់​យើង​ទាំងអស់​គ្នា​។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​ ក្រសួងបរិស្ថាន​ បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ ក្រសួងបរិស្ថាន​បាន​និង​កំពុង​គ្រប់គ្រង​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ ដែល​រួម​មាន​៖​ តំបន់ការពារធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ សរុប​ចំនួន​ ៦០​ កន្លែង​ គ្របដណ្តប់​លើ​ផ្ទៃដី​ ប្រមាណ​ជាង​ ៧,២​ លាន​ហិ​កា​តា​ ស្មើ​ប្រមាណ​ ៤១%​ នៃ​ផ្ទៃដី​សរុប​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​ចំនួន​ ១២៦០​នាក់​ ឈរជើង​នៅ​តាម​តំបន់ការពារធម្មជាតិ​នីមួយៗ​ បាន​និង​កំពុង​ធ្វើ​សកម្មភាព​ល្បាត​ ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ ដោយ​មានការ​ចូលរួម​ និង​កិច្ចសហការ​ល្អ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ អង្គការ​មិនមែន​រដ្ឋាភិបាល​ សមាគម​ និង​សហគមន៍​ មូលដ្ឋាន​ពាក់ព័ន្ធ​ទាំង​យប់​ទាំង​ថ្ងៃ​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ ក្រសួងបរិស្ថាន​បាន​និង​កំពុង​ពង្រឹង​ និង​ពង្រីក​កិច្ចសហការ​ជាមួយ​អង្គការ​ មិនមែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ សមាគម​ ដៃគូ​អភិវឌ្ឍន៍​ និង​សហគមន៍​មូលដ្ឋាន​នានា​ ដើម្បី​ លើកកម្ពស់​ប្រសិទ្ធភាព​ការ​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ និង​ជីវៈចម្រុះ​ ក៏​ដូច​ជា​ជំរុញ​ការងារ​ កំណត់​ និង​បែងចែក​តំបន់​គ្រប់គ្រង​ ការ​បោះបង្គោល​ព្រំប្រទល់​ ការ​រៀបចំ​ផែនការ​គ្រប់គ្រង​ និង​ការ​ចុះបញ្ជី​ដី​រដ្ឋ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ ព្រមទាំង​ការ​បណ្តុះបណ្តាល​ និង​ពង្រឹងសមត្ថភាព​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ និង​ការ​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​មូលដ្ឋាន​ផង​ដែរ​៕

ចំនួនអ្នកទស្សនា

    19630347

  • ថ្ងៃនេះ1691
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20541
  • ខែនេះ66641
  • ឆ្នាំនេះ402901
  • សរុប19630347