កម្លាំង​នគរបាល​ចរាចរ​ ហ្វឹកហាត់​ជំនាញ​ ដើម្បី​ត្រៀម​អនុវត្ត​អនុក្រឹត្យ​លេខ​៣៩​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​

24-April-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ចរាចរ​រាជធានី​ភ្នំពេញ​៨៥​នាក់​ ទទួល​វគ្គ​បណ្តុះបណ្តាល​លើក​ទី​២​ នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២០​ បាន​ហ្វឹកហាត់​អនុវត្ត​ជាក់ស្តែង​លើ​ការងារ​ជំនាញ​ចរាចរណ៍​និង​យុទ្ធវិធី​ការពារ​ទប់ស្កាត់​និង​បញ្ចៀស​អំពើ​ហឹ​ង្សា​ចំពោះ​ជនល្មើស​បើកបរ​ល្មើសច្បាប់​ចរាចរណ៍​ដែល​សមត្ថកិច្ច​ហៅ​ត្រួតពិនិត្យ​បម្រុង​ធ្វើអំពើ​ហឹ​ង្សា​មក​លើ​សមត្ថកិច្ច​។​ ការ​ហ្វឹកហាត់​របស់​កម្លាំង​នគរបាល​ចរាចរ​នោះ​ក៏​ត្រូវ​គេ​មើលឃើញ​ថា​ក៏​ដើម្បី​ត្រៀម​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​ គ្រា​ដែល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រំលឹក​បញ្ចៀស​ការ​ផាកពិន័យ​ពីព្រោះ​ការ​អនុវត្ត​អនុក្រឹត្យ​លេខ​៣៩​ស្ដី​ពី​ការ​កែសម្រួល​អនុក្រឹត្យ​លេខ​៤៤​ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៧​ ស្ដី​ពី​ការ​ពិន័យ​អន្តរកាណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មានទោស​ទណ្ឌ​ធ្ងន់​ជាង​មុន​។​ ខណៈ​ដែល​នគរបាល​ចរាចរ​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ចាប់ផ្តើម​អនុវត្ត​អនុក្រឹត្យ​លេខ​៣៩​នៅ​ដើមខែ​ឧសភា​ខាង​មុខ​នេះ​ក្នុង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​។​សូម​រំលឹក​ថា​ពាក់ព័ន្ធ​និង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ អនុ​ ក្រឹត្យ​លេខ​៣៩​ ស្ដី​ពី​ការ​ពិន័យ​អន្តរកាណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​នៅ​ក្រសួងមហាផ្ទៃ​កាលពី​កន្លង​ ទៅ​នេះ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​បញ្ជាក់​ថា​មាន​តែ​វិធី​ ពង្រឹង​ច្បាប់​យ៉ាង​ខ្ជាប់ខ្ជួន​នោះ​ទេ​ទើប​អាច​ដោះស្រាយ​ បញ្ហា​ទាំងនោះ​បាន​។​

​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ប្រកាស​បទបញ្ជា​ដាក់​ពិន័យ​តឹងរ៉ឹង​ដល់​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ និង​ ព្រមាន​មន្ត្រី​នគរបាល​អនុវត្ត​ច្បាប់​នូវ​កត្តា​សីលធម៌​និង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ចូលរួម​ការ​កាត់​បន្ថយ​ បទល្មើស​ចរាចរណ៍​ដែល​បន្ត​គំរាម​ជីវិត​មនុស្ស​ជា​រៀងរាល់ថ្ងៃ​។​

​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មានការ​កើនឡើង​ស្ថិត​ក្នុង​គ្រា​ប្រកាស​អាសន្ន​ បាន​ជម្រុញ​ឲ្យ​រាជរ​ដ្ឋា​ ភិ​បាល​ចាំបាច់​ត្រូវ​កែសម្រួល​មាត្រា​មួយ​ចំនួន​ដូច​ជា​ មាត្រា​៦​ មាត្រា​៧​ មាត្រា​១០​ មាត្រា​១១​ មាត្រា​១២​ មាត្រា​ ១៣​ មាត្រា​១៤​ និង​មាត្រា​១៥​ នៅ​ក្នុង​ជំពូក​ទី​៣​ ពាក់ព័ន្ធ​បទល្មើស​ និង​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ពិន័យ​។​

​ក្នុង​អនុក្រឹត្យ​ដែល​បាន​កែសម្រួល​ បទល្មើស​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ត្រូវ​បាន​ផាក​ពិនិត្យ​៦​ម៉ឺន​រៀល​។​ ផាក​ ពិន័យ​៨​ម៉ឺន​រៀល​ ចំពោះ​អ្នកបើកបរ​ដែល​និយាយ​ទូរ​សព្ទ័​គ្មាន​ឧបករណ៍​ដាក់​ត្រចៀក​,​ អ្នក​ប្រើ​ឧបករណ៍​សូរ​សព្ទ័​,​ ការ​តាំង​គ្រឿង​បំភ្លឺ​ ខុស​បច្ចេកទេស​ និង​អ្នកបើកបរ​លើស​ល្បឿន​។​ ផាកពិន័យ​១០​ម៉ឺន​រៀល​ចំពោះ​អ្នក​ជិះ​បង្ហោះ​ ឆាប​រេ​ចុះឡើង​ គៀរ​ប្រើ​ជ​ន្ទ​ល់​អូស​លើ​ផ្លូវ​ បច្ចេក​សម្លេង​ម៉ាស៊ីន​ខ្លាំង​ ឬ​មាន​ផ្សែង​ច្រើន​លើស​ស្ដង់ដារ​បច្ចេកទេស​ បើកបរ​មិន​ពាក់​វែ​នតា​ តាម​ការ​កំណត់​ក្នុង​បណ្ណ​បើកបរ​ បើក​ខុស​ទិស​ចរាចរណ៍​ ជាន់​លើ​គំនូស​បង្ហូត​ទ្រូងផ្លូវ​ លើស​ល្បឿន​ បទល្មើស​នឹង​ការ​ជៀស​ ការ​បត់​ និង​ការ​ជែង​ និង​បទល្មើស​មួយ​ចំនួន​ទៀត​។​ ត្រូវ​ផាកពិន័យ​ចំនួន​១២​ម៉ឺន​រៀល​ចំពោះ​អ្នកបើកបរ​គ្មាន​ប​ណ្ណ័​បើកបរ​ គ្មាន​បណ្ណសំ​គាល់​ គ្មាន​ស្លាក​លេខ​ មិន​បាន​ ត្រួតពិនិត្យ​បច្ចេកទេស​តាម​ការ​កំណត់​ ប្ដូរ​ពណ៌​យានយន្ត​គ្មាន​ការ​អនុញ្ញាត​ បើកបរ​យានយន្ត​ខុស​ពី​បណ្ណ​បើកបរ​ ស្លាក​លេខ​កែ​ លុប​ បាក់​ ជាដើម​។​ ត្រូវ​ផាកពិន័យ​១៥​ម៉ឺន​រៀល​ចំពោះ​អ្នកបើកបរ​ប្រណាំង​គ្នា​គ្មាន​ការ​អនុញ្ញាត​ លើ​ផ្លូវ​សាធារណៈ​។​ ត្រូវ​ផាកពិន័យ​ចំនួន​២៥​ម៉ឺន​រៀល​ចំពោះ​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​។​ ចំពោះ​អ្នក​បើករថយន្ត​វិញ​ ចាប់​ផាក​ពី​៧​ម៉ឺន​៥​ពាន់​រៀល​ឡើង​ទៅ​ដល់​៤​លាន​រៀល​ទៅ​តាម​ប្រភេទ​បទល្មើស​ ផ្សេងៗ​។​ ចំពោះ​ជន​ណា​ដែល​មិន​ព្រម​បង់ប្រាក់​ពិន័យ​រយៈពេល​១៥​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ ការ​ផាកពិន័យ​ត្រូវ​គុណ​នឹង​ ២​ដង​ មិន​ព្រម​បង់​រយៈពេល​៣០​ថ្ងៃ​ត្រូវ​គុណ​ប្រាក់​ពិន័យ​នឹង​៣​ដង​ មិន​ព្រម​បង់ប្រាក់​ពិន័យ​រយៈ​ ពេល​៦០​ថ្ងៃ​ សមត្ថកិច្ច​នឹង​បញ្ជូន​ករណី​នោះ​ទៅ​តុលាការ​៕

ចំនួនអ្នកទស្សនា

    19631087

  • ថ្ងៃនេះ2431
  • ម្សិលមិញ2891
  • សប្តាហ៍នេះ21281
  • ខែនេះ67381
  • ឆ្នាំនេះ403641
  • សរុប19631087