កណ្តាល៖ បុរសម្នាក់ត្រូវបាននគរបាលខេត្តកណ្ដាលឃាត់ខ្លួន ក្រោយពីបុរសសង្ស័យរូបនេះ មានទំនាស់ជាមួយប្រពន្ធបានប្រតាយប្រតប់គ្នានៅក្នុងរថយន្ត ឈានដល់ផ្ទុះអាវុធ បណ្ដាលឲ្យត្រូវប្រពន្ធចំក្រោមចង្ការស្លាប់ភ្លាមៗ ខណៈដែលជនសង្ស័យនិងជនរងគ្រោះជិះរថយយន្តតាមផ្លូវលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។
ក្រោយពីផ្ទុះអាវុធ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់រួច ជនដៃដល់បានដឹកសពប្រពន្ធមកកាន់ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល រួចបានទូរស័ព្ទប្រាប់សមត្ថកិច្ច អោយមកឃាត់ខ្លួនគាត់ ដោយគាត់មានកំហុស។
ជនសង្ស័យបានសារភាពប្រាប់នគរបាលខេត្តកណ្តាលថា៖ មុនកើតហេតុគឺគាត់ មានការជជែកជាមួយភរិយា ក្នុងរឿងអន់ចិត្តប្រចណ្ឌ ហើយប្រពន្ធគាត់ក៏មកប្រតាយប្រតប់ ប៉ះកាំភ្លើងដែលគាត់បញ្ចូលគ្រាប់រួច ក៏បណ្តាលអោយផ្ទុះត្រូវស្លាប់តែម្តង។
ជនសង្ស័យមានឈ្មោះ ភឹម សារី អាយុ៥៨ឆ្នាំ ជាយោធា ជំនួយការលោក មុំ លីមឿន អគ្គលេខាធិការ ក្រសួងការពារជាតិ មានស្រុកកំណើតនៅខេត្តបាត់ដំងបង។ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ រីឯជនរងគ្រោះជាប្រពន្ធដែលស្លាប់ឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ ៕