កណ្ដាល៖ នគរបាលស្រុកកណ្ដាលស្ទឹង ចាប់ខ្លួនជនសង្ស័យ២នាក់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យទាំង២នាក់ខាងលើនេះធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនារីម្នាក់កំពុងជិះម៉ូតូលើដងផ្លូវ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១២និង៤០នាទី នៅចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង។
មន្ដ្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបាន២នាក់ ទី១.ឈ្មោះ ឡេង គឹមស្រេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិ ស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងទី២.ឈ្មោះ អុន ណាវីត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃតាថុក ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
ចំណែកវត្ថុតាងចាប់យក៖ម៉ូតូ១គ្រឿង ម៉ាកហុងដា ធុនសេ១០០ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BE- 5682 (របស់ជនសង្ស័យ) និងទូរសព្ទ័ដៃម៉ាក OPPO F11 ១គ្រឿង(របស់ជនរងគ្រោះ)។
ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ ជនសង្ស័យទាំង២នាក់បានជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ២ លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យទាំង២នាក់ បានឃើញនារីម្នាក់កំពុងជិះម៉ូតូឃើញទូរស័ព្ទនារីរងគ្រោះនៅក្នុងហោប៉ៅខោ ក៏ធ្វើសកម្មភាពលួច ភ្លាមនោះក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋនិងប្រជាការពារដេញតាមពីក្រោយ រួចចាប់បានជនសង្ស័យទាំង២នាក់ ប្រគល់ជូនសមត្ថកិច្ចនគរបាលតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា កន្លងមកពួកគេទាំង២នាក់ ធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចចំនួន២លើក រួចមកហើយ លើកទី១ នៅថ្ងៃទី២៣ ខែមេសាឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ២ មុខរោងចក្រតាបែត ស្រុកបាទី ខេត្តតាកែវ លើកទី២ នៅខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ២ ម្តុំផ្សារបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។ ចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធីច្បាប់ ៕