ភ្នំពេញ៖ ស្ថានភាពជំងឺកូវីដ-១៩ និងការបន្តអនុវត្តវិធានការការពារចម្លងវីរុសកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
ស្ថានភាពជំងឺកូវីដ១៩ នៅទូទាំងប្រទេស៖
+គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមាន៖
-អ្នកព្យាបាលជាសះស្បើយសរុបមានចំនួនកើនឡើងដល់ ១១៩នាក់។
-អ្នកដែលកំពុងសម្រាកព្យាបាលសរុបបានថយចុះមកនៅចំនួន៣នាក់ (ស្ត្រីម្នាក់ និងបុរស២នាក់) នៅតាមបន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។
-អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់(រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេសសរុបចំនួន១២២នាក់ (ស្ត្រី៣៨នាក់និងបុរស៨៤នាក់)។
+ករណីជាសះស្បើយ ចំនួន២នាក់៖
-បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ និងស្ត្រីជនជាតិបារាំង អាយុ២៨ឆ្នាំ ជាឪពុកម្តាយរបស់ទារកអាយុ០៤ខែ ដែលបានធ្វើដំណើរមកពីប្រទេសបារាំងឆ្លងកាត់តាមប្រទេសសាំងហ្គាពួរ និងស្នាក់នៅបណ្តោះអាសន្ននៅម្តុំទួលទំពូង រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យកុមារជាតិទាំងអស់។
+មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីឡើយ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។
គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅទូទាំងប្រទេស វត្ថុវិភាគសរុបចំនួន១១,៥៧៦ សំណាកត្រូវបានយកមកធ្វើវិភាគនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមន្ទីរពិសោធន៍នៃវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ គឺមានចំនួន៧២៣ សំណាក ក្នុងប្រជាជនមួយលាននាក់ដែលជាចំនួនច្រើនជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ៕