ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធជំនាញទាំង ៥ក្រុម ដោយមានការចូលរួមពី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យជំនាញទាំងអស់ ចំណុះនាយកដ្ឋានផងដែរ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ការិយាល័យជំនាញទាំងអស់ និងការផ្សព្វផ្សាយផែនការសកម្មភាព ឆ្នាំ២០២០ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងការចូលរួមយោបល់របស់ប្រធាន-អនុប្រធានក្រុមការងារជំនាញទាំង៥ក្រុមរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានណែនាំឲ្យក្រុមការងារជំំនាញ និងការិយាល័យជំនាញទាំងអស់ពង្រឹងលើការងារ ៤ចំណុច៖
១-ការងារគ្រប់គ្រងក្មេងទំនើង
២-ការងារអនុវត្តដីកា
៣-ការងារសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ
៤-ករណីកំពង់តស៊ូ និងមុខសញ្ញាបង្ក្រាបចាប់មិនទាន់អស់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ បានបញ្ជាក់ថា ថ្វីត្បិតតែបទល្មើសជារួមនៅឆ្នាំ២០១៩ មានការកើនបើធៀបនឹងឆ្នាំ២០១៨ ក៏ពិតមែន ប៉ុន្តែកម្លាំងរបស់យើងខិតខំធ្វើការបង្ក្រាបបានរហូតដល់ ៨៩% នៃរឿងហេតុដែលកើតឡើង។
ឯកឧត្តម ក៏បានជំរុញឲ្យកម្លាំងជំនាញទាំងអស់ ខិតខំស្រាវជ្រាវរកចាប់មុខសញ្ញាដែលនៅសេសសល់បន្តទៀត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
សូមជម្រាប់ថា ឆ្នាំ២០១៩ បទល្មើសជារួមកើតឡើងចំនួន ៣១៩៦/២៩៦៩ កើន២២៧លើក ស្មើ៨% ប្រៀបធៀប ឆ្នាំ២០១៨ ក្នុងនោះ បទឧក្រិដ្ឋ ៧០១/៦២១លើក កើន៨០លើក ស្មើ១៣%, បទមជ្ឈឹម ២៤៩៥/២៣៤៨លើក កើន១៤៧លើក ស្មើ៦%។ ដោយឡែកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសបានចំនួន ២៨៤២ករណី លើសភាពការណ៍ ៣១៩៦លើក ស្មើ៨៩% ក្នុងនោះបង្ក្រាបជាក់ស្តែង ២៣៣៤/២០៦៩ករណី ស្រាវជ្រាវបង្ក្រាប ៥០៨/៥២៩ករណី ឃាត់ខ្លួនជនល្មើស ៤១១៩/៣៧៤២នាក់ (មុខសញ្ញាមានសារធាតុញៀនចំនួន ២៦%)៕