អាងហែលទឹកខ្នាតអន្តរជាតិ នៅពហុកីឡដ្ឋានអូឡាំពិក ត្រូវបានចុះទទួល ក្រោយពីជួសជុលរួច១០០% ចំណាយថវិកាជិត៣លានដុល្លារ)

28-April-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ កាលពីថ្ងៃពុធ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះទទួលអាងហែលទឹកនៅពហុកីឡដ្ឋានអូឡាំពិក ក្រោយពីជួសជុលរួច១០០ភាគរយ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនសាងសង់ សមាជិកសមាជិកាសហព័ន្ធ និងកីឡាករ កីឡាការិនីជាច្រើនរូបផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា អាងហែលទឹកនេះត្រូវបានជួសជុល និងពង្រីកបន្ថែម ដែលមានបណ្ដោយប្រវែង ៥០ម៉ែត្រ និងទទឹងប្រវែង ២៥ម៉ែត្រ និងមាន១០បន្ទាត់ ជាខ្នាតអន្តរជាតិ សាងសង់ដោយក្រុមហ៊ុន Shanghai Construction ដោយប្រើប្រាស់រយៈពេល១៨ខែ និងចំណាយថវិកាជិត៣លានដុល្លារអាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction បំពាក់ដោយម៉ាស៊ីនបូម និងម៉ាស៊ីនចម្រោះទឹកថ្មីៗ បន្ទប់សម្រាប់ដាក់ឧបករណ៍ បន្ទប់បញ្ជាឧបករណ៍អេឡិចត្រូនិក ផ្ទាំងLED សាលហ្វឹកហាត់សាច់ដុំ សាលប្រជុំ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងកៅអីជាង ១៦០០ សម្រាប់អង្គុយទស្សនា។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានអាងកីឡាហែលទឹកនៅតាមបណ្ដាខេត្តមួយចំនួនដូចជា៖ ខេត្តបាត់ដំបង កំពង់ចាម ភ្នំពេញ និងខេត្តកណ្ដាល (ស្រុកកោះធំ) ដើម្បីបង្កភាពងាយស្រួលដល់យុវជនកម្ពុជាទាំងឡាយដែលស្នេហាកីឡានេះ ចូលរួមហ្វឹកហាត់ឱ្យបានច្រើនថែមទៀត លើវិញ្ញាសាហែលទឹក បាល់ទឹក លោតទឹក និងរបាំទឹកជាដើម ដើម្បីបង្កើន និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីរបស់ខ្មែរឱ្យដល់កម្រិតស្តង់ដាអន្តរជាតិ និងឈានទៅដណ្ដើមយកមេដាយជូនជាតិមាតុភូមិ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ កម្ពុជាមានភាពល្បីល្បាញពាសពេញសកលលោក តាមរយៈការដណ្ដើមបានមេដាយជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងពិភពលោកលើវិញ្ញាសាកីឡាហែលទឹក ហើយឯកឧត្ដមទេសរដ្ឋមន្ត្រីប្រាថ្នាចង់ឃើញយុវជនយើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីស្ដារកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិឱ្យល្បីសុះសាយឡើងវិញ ឬមានសមត្ថភាពជាងទសវត្សរ៍នោះ។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានអំពាវនាវដល់យុវជនកម្ពុជាទាំងអស់ឱ្យចូលរួមហាត់កីឡានេះឱ្យបានច្រើន ក្រោយស្ថានភាពជំងឺកូវីដ-19 ត្រូវបានបញ្ចប់ ព្រោះថាការចូលរួមហាត់របស់បងប្អូនសហព័ន្ធនឹងមិនគិតប្រាក់ឡើយ។

លើសពីនេះទៅទៀត សហព័ន្ធនឹងផ្ដល់គ្រូបង្វឹកដែលមានបទពិសោធន៍ល្អៗ ដើម្បីបង្ហាត់ សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចំពោះការរៀបចំព្រឹត្តិការណ៍កីឡានេះ។

សូមបញ្ជាក់ថា៖ ឆ្នាំ១៩៦១-១៩៦៥ ពហុកីឡដ្ឋានជាតិ រួមទាំងអាងហែលទឹកត្រូវបានស្ថាបនាឡើងដោយ បិតាស្ថាបត្យករខ្មែរ លោក វណ្ណ មូល្លីវណ្ណ ក្រោមគំនិតផ្ដួចផ្ដើមរបស់ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទនរោត្ដមសីហនុ ហើយបើកឱ្យដំណើរការតាំពីឆ្នាំ១៩៦៧។ ចន្លោះឆ្នាំ ១៩៧៥-១៩៧៩ អាងហែលទឹក និងអាងលោតទឹកក្នុងពហុកីឡដ្ឋានជាតិត្រូវបានខូចខាតដោយសារសង្គ្រាមក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (របបប៉ុលពត)។ នៅឆ្នាំ១៩៨០ លោកព្រឹទ្ធាចារ្យ ហែម ថុន និងលោកព្រឹទ្ធាចារ្យ ផាត់ សំអ៊ុន រួមទាំងមន្ត្រីមួយចំនួនបានស្ដារ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹក និងអគារឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ព្រមទាំងទទួលការប្រកួតជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាជាច្រើន។ ដោយមើលឃើញពីការលំបាក ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្វែងរកថវិកាពីសប្បុរសជន និងបានជួសជុល និងពង្រីកអាងហែលទឹកនេះឱ្យមានលក្ខណៈស្ដង់ដាអន្តរជាតិឡើងវិញ ៕

ចំនួនអ្នកទស្សនា

    19580117

  • ថ្ងៃនេះ441
  • ម្សិលមិញ5241
  • សប្តាហ៍នេះ23291
  • ខែនេះ16411
  • ឆ្នាំនេះ352671
  • សរុប19580117