កម្មករ​ប្រមូល​សំរាម​ម្នាក់​តោង​រថយន្ត​ដឹក​សំរាម​របូតដៃ​ធ្លាក់​ត្រូវ​រថយន្ត​កិន​ស្លាប់​

29-April-2020 | ដោយ ពលមនសិការ

​កណ្ដាល​៖​ កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​បរិស្ថាន​ភូមិ​យើង​ស្អាត​ម្នាក់​ បន្ទាប់​ពី​ប្រមូល​សំរាម​ដាក់​លើ​រថយន្ត​រួច​ រត់​តោង​លើ​រថយន្ត​ខណៈ​រថយន្ត​កំពុង​បើក​ ស្រាប់​របូតដៃ​ធ្លាក់​ ត្រូវ​រថយន្ត​កិន​ស្លាប់​គួរ​ឲ្យ​អាសូរ​ នៅ​វេលា​ម៉ោង​១១​និង​០២​នាទី​ ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២០​ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៧​ ស្ថិត​ក្នុងភូមិ​ពញាឮ​ ឃុំ​ពញាឮ​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​។​

​ មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ពញា​ឭ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ កែម​ បញ្ញា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្រះ​ពោធិ៍​ ឃុំ​ផ្សារ​ដែក​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ។​ ចំណែក​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​បរិស្ថាន​ភូមិ​យើង​ស្អាត​ ម៉ាក​HYUNDAI​ ពណ៌​បៃតង​ គ្មាន​គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ អ៊ុ​ សុវណ្ណ​បញ្ញា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្តាម​២​ ឃុំ​កោះ​ចិន​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ (​ឃាត់ខ្លួន​)​។​
​ប្រភព​ដដែល​បន្ត​ថា​ នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ​ ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​ដឹក​សំរាម​ ដើរ​ប្រមូល​សំរាម​ដាក់​លើ​រថយន្ត​ លុះ​ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ជន​រង​គ្រោះ​ដើរ​ប្រមូល​សំរាម​ដាក់​លើ​រថយន្ត​ រួច​រត់​តោង​រថយន្ត​ ក៏​រអិល​ដៃ​ធ្លាក់​មក​ក្រោម​ ត្រូវ​បាន​រថយន្ត​កិន​ចំ​កង់​ក្រោយ​ផ្នែក​ខាងស្តាំ​ ចំ​ក្បាល​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ នគរបាល​ចរាចរណ៍​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ រួច​ពិនិត្យ​ វាស់វែង​ និង​កសាង​ឯកសារ​ដកហូត​មធ្យោបាយ​ពាក់ព័ន្ធ​យក​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ចាត់ការ​តាម​ច្បាប់​។​ ចំពោះ​សាកសព​ ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ចំនួនអ្នកទស្សនា

    19577597

  • ថ្ងៃនេះ3171
  • ម្សិលមិញ4561
  • សប្តាហ៍នេះ20771
  • ខែនេះ13891
  • ឆ្នាំនេះ350151
  • សរុប19577597