វឌ្ឍនភាព​នៃ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ​៥​ ភាគ​ខាងជើង​សម្រេច​បាន​ ៨០,០២%​ ភាគ​កណ្ដាល​សម្រេច​បាន​ ១៤,៩០%​ និង​ភាគ​ខាងត្បូង​សម្រេច​បាន​ ២៣,៩០%​ គិត​ត្រឹម​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២០

29-April-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ​៥​ (​ផ្លូវ​អាស៊ាន​ហា​យ​វេ​លេខ​១)​ មាន​ប្រវែង​សរុប​ចំនួន​ ៣៦៦​ គីឡូម៉ែត្រ​ ឋិត​ក្នុង​ខេត្តកំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​ និង​បន្ទាយ​មាន​ជ័យ​ ជា​គម្រោង​ក្រោម​កម្ចី​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​ តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា​ ហើយ​ការងារ​ស្ថាបនា​ត្រូវ​បាន​បែងចែក​ ជា​បី​ផ្នែក​ ធំៗ​រួម​មាន​៖​ ផ្នែក​ខាងជើង​ ផ្នែក​កណ្តាល​ និង​ផ្នែក​ ខាងត្បូង​ ដោយ​មានការ​ពង្រីក​កំណាត់​ផ្លូវជាតិ​មាន​ស្រាប់​ពី​២​គន្លង​ទៅ​៤​គន្លង​ ទទឹង​២៣​ម៉ែត្រ​ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ​ (AC)​ និង​មាន​សួរ​ ច្បារ​ចំ​កណ្តាល​។​

​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវជាតិ​លេខ​ ៥​ ភាគ​ខាងជើង​ (​បាត់ដំបង​-​សិរី​សោភ័ណ​)​ មាន​ប្រវែង​សរុប​ ៨៤,៧៤​ គីឡូម៉ែត្រ​ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​២៦​ មីនា​ ២០១៨​ ការ​ស្ថាបនា​មាន​ រយៈពេល​៣៦​ខែ​ គិត​ត្រឹម​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២០​ សម្រេច​បាន​ ៨០,០២%​ហើយ​។​

​បច្ចុប្បន្ន​ការ​អនុវត្ត​ការងារ​ស្ថាបនា​បាន​នឹង​កំពុង​ក្រាល​កៅស៊ូ​ជាន់​ទី​២​ នៅ​លើ​ទីតាំង​មួយ​ចំនួន​ និង​ទីតាំង​មួយ​ចំនួន​ទៀត​បាន​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន​ដើម្បី​សម្រួល​ដល់​ចរាចរណ៍​ឆ្លងកាត់​។​ ថ្នាក់ដឹកនាំ​ភូមិ​ ឃុំ​ ស្រុក​ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​យល់​ឃើញ​ ថា​៖​ផ្លូវ​ដែល​ទើប​សាងសង់​រួច​នេះ​មាន​សភាព​ល្អ​ ងាយស្រួល​បើកបរ​ ចំណេញ​ពេលវេលា​ និង​ពិសេស​ ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ប្រកប​របរ​រកស៊ី​ប្រចាំ​ថ្ងៃ​ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​ និង​ផលិតផល​កសិកម្ម​ ដូច​ជា​ ស្រូវ​ អង្ករ​ បន្លែ​ និង​ផ្លែ​ឈើ​។​

​ចំណែក​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ភាគ​កណ្តាល​ចាប់ពី​ធ្លា​ម្អម​ ដល់​ បាត់ដំបង​ មាន​ប្រវែង​សរុប​១៤៦,០៤​ គីឡូម៉ែត្រ​ ទទឹង​ប្រវែង​២៣​ម៉ែត្រ​ ពី​២​គន្លង​ទៅ​៤​គន្លង​ ក្រាល​កៅស៊ូ​AC​ កម្រាស់​១៥​សង់ទីម៉ែត្រ​ គ្រោង​រយៈពេល​ស្ថាបនា​ ប្រមាណ​៤២​ខែ​ គិត​ត្រឹម​ថ្ងៃ​ទី​២៤​ ខែ​ មេ​សា​ ឆ្នាំ​២០២០​នេះ​សម្រេច​បាន​ ១៤,៥០%​ ហើយ​។​ គ្រប់​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​សាងសង់​ទាំងអស់​បាន​គោរព​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​បច្ចេកទេស​ និង​សុវត្ថិភាព​ការងារ​ទាំង​ក្នុង​និង​ក្រៅ​ការដ្ឋាន​។​

​ចំពោះ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវជាតិ​លេខ​៥​ ភាគ​ខាងត្បូង​ ចាប់ពី​ព្រែក​ក្តាម​ (​ខេត្តកណ្តាល​)​ ដល់​ធ្លា​ម្អម​ (​ខេត្តពោធិ៍សាត់​)​ មាន​ប្រវែង​សរុប​១៣៥,២៤​គីឡូម៉ែត្រ​ ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​០៣​រួម​មាន​៖​ ខេត្តកណ្តាល​ ប្រវែង​ ៤,២៥​គីឡូម៉ែត្រ​ ខេត្តកំពង់ឆ្នាំង​ប្រវែង​ ៩៣,៥៤​គីឡូម៉ែត្រ​ និង​ខេត្តពោធិ៍សាត់​ប្រវែង​ ៣៧,៤៥​គីឡូម៉ែត្រ​ ក្រាល​បេតុង​កៅស៊ូ​AC​ ចែក​ជា​២​គន្លង​ទៅ​២​គន្លង​មក​ គ្រោង​ រយៈពេល​សាងសង់​ចំនួន​៤៨​ខែ​ គិត​ត្រឹម​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២០​ សម្រេច​បាន​២៣,៩០%​ហើយ​។​

​ស្រប​ពេល​ដែល​ពិភពលោក​ ក៏​ដូច​ជា​កម្ពុជា​កំពុង​ជួប​ប្រទះ​នូវ​ការ​ឆ្លង​រីក​រាលដាល​មេរោគ​ប្រភេទ​ថ្មី​ COVID-១៩​ អង្គភាព​គ្រប់គ្រង​ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ និង​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​ បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ក្បួន​អនាម័យ​ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ និង​ក្រសួង​ សាធារណការ​ និង​ដឹក​ជញ្ជូន​ដើម្បី​ការពារ​ ទប់ស្កាត់​ និង​ការ​បង្ការ​ការ​ឆ្លង​រីក​រាលដាល​មេរោគ​COVID-១៩​ ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ចំនួនអ្នកទស្សនា

    19578277

  • ថ្ងៃនេះ3851
  • ម្សិលមិញ4561
  • សប្តាហ៍នេះ21451
  • ខែនេះ14571
  • ឆ្នាំនេះ350831
  • សរុប19578277