ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បើក​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​សម្រាប់​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ផ្លូវជាតិ​លេខ​២​ និង​ផ្លូវជាតិ​លេខ​២២​ ដល់​មន្ត្រី​វិស្វករ​វ័យក្មេង​ ដើម្បី​បំពាក់បំប៉ន​ចំណេះដឹង​ថ្មីៗ​ក្នុង​ការ​ចុះ​សម្របសម្រួល​ និង​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​

29-April-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ពុធ​ ៨​កើត​ ខែ​ពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២០​ នៅ​ ទីស្ដីការក្រសួង​ ឯកឧត្ដម​ តូច​ ចាន់​កុសល​ រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​សម្រាប់​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ផ្លូវជាតិ​លេខ​២​ និង​ផ្លូវជាតិ​លេខ​២២​ ដល់​មន្ត្រី​វិស្វករ​វ័យក្មេង​ប្រមាណ​១០​រូប​ របស់​ក្រសួង​ដែល​ ទទួល​ភារកិច្ច​ចុះ​សម្របសម្រួល​ និង​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​លើ​គម្រោង​នេះ​។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​បំពាក់បំប៉ន​ចំណេះដឹង​ថ្មីៗ​បន្ថែម​ទៀត​ដល់​មន្ត្រី​ទាំងនោះ​ តាម​រយៈ​ការ​ផ្តល់​បទ​បង្ហាញ​ពី​វាគ្មិន​អន្តរជាតិ​ដែល​មានបទពិសោធន៍​យូរ​ឆ្នាំ​ ជា​វេទិកា​សម្រាប់​ការ​សួរ​ដេញដោល​នូវ​រាល់​ច​ម្ង​ល់​ទាំងឡាយ​ដែល​ធ្លាប់​បាន​ជួប​ប្រទះ​ ខណៈ​ពេល​អនុវត្ត​ជាក់ស្ដែង​សំដៅ​ធានា​បាន​នូវ​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការ​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​។​

​ថ្លែង​ក្នុង​សុន្ទរកថា​បើក​វគ្គ​បណ្ដុះបណ្ដាល​នា​ពេល​នោះ​ ឯកឧត្ដម​រដ្ឋលេខាធិការ​ប្រចាំការ​បាន​ជម្រាប​ជូន​សិក្ខាកាម​អំពី​ប្រវត្តិ​សង្ខេប​របស់​គម្រោង​ឱ្យ​សិក្ខាកាម​ជ្រាប​ដូច​ជា​៖​ នីតិវិធី​ដេញថ្លៃ​ក្រុមហ៊ុន​ម៉ៅ​ការ​ ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​ និង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​រហូត​ដល់​គម្រោង​មួយ​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​។​

​ឯកឧត្ដម​រដ្ឋលេខាធិការ​ប្រចាំការ​បាន​បន្ត​ថា​៖​ គម្រោង​មួយ​មានដំណើរ​ការ​ល្អ​ ឬ​មិនល្អ​ មិនមែន​អាស្រ័យ​លើ​ក្រុមហ៊ុន​ម៉ៅ​ការ​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​អាស្រ័យ​លើ​ម្ចាស់​គម្រោង​ (​អង្គភាព​គ្រប់គ្រង​ និង​អង្គភាព​អនុវត្ត​គម្រោង​)​ និង​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​ ដែល​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​សម្របសម្រួល​ និង​សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ៅ​ការ​យ៉ាង​ជិត​ស្និទ្ធ​ ដើម្បី​ឱ្យ​គម្រោង​មានដំណើរ​រលូន​ និង​មានគុណ​ភាព​ខ្ពស់​។​

​ជាមួយ​គ្នា​នេះ​ផង​ដែរ​ ឯកឧត្ដម​រដ្ឋលេខាធិការ​ប្រចាំការ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​៖​ វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ផ្ដល់​ចំណេះដឹង​ដ៏​មាន​តម្លៃ​ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​វិជ្ជាជីវៈ​របស់​មន្ត្រី​វិស្វករ​ ដែល​ជា​សសរស្ដម្ភ​ និង​ជា​ទំពាំង​ស្នង​ឫស្សី​ប្រកបដោយ​សក្ដានុពល​របស់​ប្រទេស​ជាតិ​។​

​ឯកឧត្ដម​រដ្ឋលេខាធិការ​ប្រចាំការ​បាន​ផ្ដាំផ្ញើ​ឱ្យ​សិក្ខាកាម​ទាំងអស់​យកចិត្តទុកដាក់​ត្រងត្រាប់​ស្ដាប់​ការ​ពន្យល់​ពី​អ្នកជំនាញ​ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​ចូលរួម​ជា​មតិយោបល់​ សួរ​ដេញដោល​ឱ្យ​បាន​ផុលផុស​ ដើម្បី​ស្រាយ​ច​ម្ង​ល់​សំដៅ​ទទួល​បាន​ចំណេះដឹង​ជាក់លាក់​ ដើម្បី​បម្រើ​និង​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​យើង​ ៕

ចំនួនអ្នកទស្សនា

    19578667

  • ថ្ងៃនេះ4241
  • ម្សិលមិញ4561
  • សប្តាហ៍នេះ21841
  • ខែនេះ14961
  • ឆ្នាំនេះ351221
  • សរុប19578667