ភ្នំពេញ៖ ជនសង្ស័យឈ្មោះ កែវ រដ្ឋវិទ្យា អាយុ២៩ឆ្នាំ មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅខេត្តកំពត ខណៈបក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួន។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ កែវ រដ្ឋវិទ្យាបានរៀបរាប់ថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ខ្លួននិងមិត្តភក្តិ២នាក់ទៀត បានទៅផឹកស៊ីនៅមុខ សូរិយា ម៉ល រហូតដល់ម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ស្រាប់តែជនរងគ្រោះឈ្មោះ ណែម ហឿង ភេទប្រុស អាយុ៤០ឆ្នាំ ជាមុខសញ្ញាជួញដូរគ្រឿងញៀន បានមកសួរខ្លួនថា «ត្រូវការទិញគ្រឿងញៀនដែរឬទេ»?។
ភ្លាមនោះ ពួកខ្លួនក៏មានគោលបំណងចង់ចាប់មុខសញ្ញាជួញដូរគ្រឿងញៀននោះ ហើយក៏យល់ព្រមទិញគ្រឿងញៀន១កញ្ចប់ តម្លៃ៣០ដុល្លារ។ ក្រោយពីបានទទួលគ្រឿងញៀន១កញ្ចប់ ពីឈ្មោះ ហែម ហឿង រួចហើយ ពួកខ្លួនក៏រកលេសថា គ្រឿងញៀននេះមិនគ្រប់ទេ រួចក៏អោយយកថ្នាំញៀនទៅវិញ និង យកថែម១កញ្ចប់ទៀត។
ពេលយកថ្នាំញៀនទៅវិញ គឺ មិនឃើញឈ្មោះ ណែម ហឿង ត្រឡប់មកវិញទេ ពួកខ្លួនក៏ទៅតាមហើយអោយសហការជាមួយ ដើម្បីហៅអ្នកលក់ថ្នាំញៀនមកវិញ តែឈ្មោះ ណែម ហឿង មិនព្រមសហការដោយព្យាយាមគេចវេស។
ឃើញដូច្នោះ បក្ខពួកខ្លួនបានចូលទៅចាប់ឈ្មោះ ណែម ហឿង ហើយខ្លួនក៏ដកកាំភ្លើងអាវុធខ្លីម៉ាក កា៥៤ ចេញពីកាបូបស្ពាយភ្ជង់ទៅលើឈ្មោះ ណែម ហឿង ដោយមិនបានប្រយ័ត្នក៏ផ្ទុះចំជនរងគ្រោះ ពីគូទធ្លាយដល់ប្លោកនោម តែម្តង ៕