ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺមិនមែនជាការដាក់បន្ទុកបន្ថែមលើប្រជាពលរដ្ឋ ដែលកំពុងតែទទួលរងនូវឥទ្ធិពលជំងឺកូវីដ-១៩នោះទេ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថាការខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះ រួមមានទី១-ការបាត់បង់ជីវិត, ទី២-បន្សល់ទុកនៅក្រុមគ្រួសារ កូនកំព្រា មេម៉ាយ ពោះម៉ាយ ជាបញ្ហាបន្ទុកសម្រាប់គ្រួសារនោះនឹងសង្គម និងទី៣-ការខាតបង់ទ្រព្យសម្បត្តិ។ អញ្ចឹងក្នុងបំណងការពារផលប្រយោជន៍ប្រជាពលរដ្ឋ អាយុជីវិតប្រជាពលរដ្ឋ និងសុវត្ថិភាពសង្គមរបស់យើង។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ថា ការគោរពច្បាប់ចរាចរណ៍ គឺលុយក៏មិនអស់ និងជីវិតក៏មិនបាត់បង់ ហើយរដ្ឋាភិបាល ឬមួយក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាល ចង់បានលុយនោះទេ កុំឲ្យច្រឡំ ហើយសម្តេចក៏បានសំណូមពរប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ការអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យលេខ៣៩ថ្មី ស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានការបង្កើនកម្រិតទឹកប្រាក់ផាកពិន័យហើយដែលសមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះទៅ។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ ។
សម្ដេចបានគូសបញ្ជាក់ទៀតថា ព្រោះតែហេតុយ៉ាងដូច្នេះហើយបានជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែលវិធានការនេះមិនមែនជាការដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩នោះទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍សង្កត់ធ្ងន់ថា«សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ ។ សូមកុំមានទស្សនៈថានគរបាលឆ្លៀតយកឱកាសនេះធ្វើបាបប្រជាជន នេះគឺជាភារកិច្ចដើម្បីប្រជាជន ហើយទាល់តែឃាត់គ្រប់អ្នកដំណើរទោះគោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទើបថាជាវិធានការរដ្ឋបាល។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ៕