ព្រះសីហនុ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម(ប្លន់សម្លាប់) ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនូ ស្រាវជ្រាវឃាត់ខ្លួន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៣នឹង០០នាទី ស្ថិតនៅព្រៃជើងភ្នំថ្មដា ភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីប្រទះឃើញ សពមួយកើតឡើង។ ក្រោយពីទទួលព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កម្លាំងអាវុធហត្ថស្រុក ប៉ុស្តិ៍នគរបាលពាក់ព័ន្ធ បានចុះទៅ ពិនិត្យសពនិងកន្លែងកើតហេតុ ឃើញថា ស្ថានភាពសព ដេកផ្ងា ស្នាមរបួសក្បាលផ្នែកខាងក្រោយ និងផ្នែកខាងមុខ ស្លៀកខោកីពណ៌ស អត់មានពាក់អាវទេ។
តាមការបំភ្លឺរបស់ម្តាយសពឈ្មោះ ចាន់ ដា អាយុ៤៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា កូនរបស់គាត់ឈ្មោះ ផាត ភារៈ ភេទប្រុស អាយុ១៩ឆ្នាំ នៅវេលាម៉ោង២១ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានសុំគាត់ចេញពីផ្ទះជិះម៉ូតូម៉ាកហុងឌ្រីម ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រះសីហនុ 1H-9772 ពណ៌ខ្មៅ ទៅទិសខាងត្បូងមួយភ្លែត មុនពេលសុំគាត់ចាកចេញពីផ្ទះនោះ គឺមានគេតេទូរស័ព្ទហៅកូនគាត់ កូនរបស់គាត់ប្រើទូរស័ព្ទលេខ 070 702 815។
សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ1H-9772 ចំនួន ០១គ្រឿង។
តាមការសន្និដ្ឋានជំហានដំបូងករណីខាងលើ គឺជាករណីឃាតកម្ម(ប្លន់សម្លាប់) ។ ហើយសពខាងលើកម្លាំងជំនាញបន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកស្នងការបានបន្តថា ករណីនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតមកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤នឹង១៥នាទី ទើបយើងកំណត់មុខសញ្ញាបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ លីឈាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករជ្រៀកឈើ មានទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដកហូតម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ១H-៩៩៧២ ជារបស់ជនរងគ្រោះ។
តាមការឆ្លើយសារភាពរបស់ជនសង្ស័យ បានរៀបរាប់ថា ខ្លួនពិតជាបានធ្វើសកម្មភាព វាយសម្លាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែនដោយទូរស័ព្ទហៅជនរងគ្រោះអោយមកជក់ថ្នាំញៀនជាមួយ ពេលជក់រួចបំរុងត្រឡប់ទៅផ្ទះវិញខ្លួនបានយកដុំថ្មវាយទៅលើជនរងគ្រោះចំនួន០៣ដុំថ្ម បណ្តាលអោយជនរងគ្រោះដួលទៅថ្ម ហើយខ្លួនក៏ជិះម៉ូតូជនរងគ្រោះសំដៅទៅក្រុងព្រះសីហនុ ដើម្បីលក់ប៉ុន្តែគ្មានអ្នកហ៊ានទិញ ព្រោះគ្មានប័ណ្ណសំគាល់(កាតគ្រី) ទើបជិះម៉ូតូត្រឡប់មកផ្ទះវិញ។លុះដល់វេលាម៉ោងខាងលើទើបត្រូវនគរបាលឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕