សៀមរាប៖ នៅវេលាម៉ោង១៦និង៣០នាទី ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅចំណុច ចន្លោះគីឡូម៉ែត្រ លេខ២៧៥-២៧៦ ស្ថិតក្នុងភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានបញ្ជាក់ថា : មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុចភូមិ សាលាកកោះ ដែលបង្ករឡើងរវាងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ៣D-១៤៩៤ សន្ដោងសឺមីរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ៤A-២០៩៦ បើកបរដោយឈ្មោះ ប៊ន់ ថាន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិលេខ២ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរបើកបររថយន្ត បើកបរក្នុងទិសដៅពីលិចទៅកើត បានបុកប៉ះជាមួយនឹង ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខស្ទឹងត្រែង១B-០៧៨០ បើកបរដោយឈ្មោះ ហ៊ីង អាត ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិជាំធំ ឃុំកោះស្លែង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ជនជាតិខ្មែរសញ្ជាតិខ្មែរ ដឹកអ្នករួមដំណើរជាមួយឈ្មោះ ហ៊ីង សុខ ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិជាំធំ ឃុំកោះ ស្នែង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង បានបើកបរទិសដៅពីត្បូង បត់ឆ្វេងទៅទិសខាងលិច ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរជាមួយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ហើយភ្លាមៗនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកបើកបររថយន្ត និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត។
ចំណែកសាកសពជនរងគ្រោះទាំងពីរ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕