សៀមរាប៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈែម ឈាន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិធ្លកអណ្តូង ឃុំស្លក្រាម ក្រុង/ខេត្តសៀមរាប ពីបទ រំលោភសេពសន្ថវៈលើអនីតិជន។
សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យខាងលើយោងតាមបណ្តឹងរបស់ឪពុកក្មេងរងគ្រោះ ឈ្មោះ គូ សាវេត ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិធ្លកអណ្តូង ឃុំស្លក្រាម ក្រុង/ខេត្ត សៀមរាប ដែលបានដាក់ពាក្យបណ្តឹងនៅថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២០។
ក្មេងស្រីរងគ្រោះទាំងពីរនាក់ទី១.ឈ្មោះ គ. គ.ហ អាយុ៤ឆ្នាំ ,ទី២.ឈ្មោះ គ. ស. អាយុ៩ឆ្នាំ។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថាក្រោយពីទទួលពាក្យបណ្តឹងរួច នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចបានរាយការណ៍ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងសុំបើការស៊ើបអង្កេតបឋមហើយបានកោះហៅ ឈ្មោះ ឈែម ឈាន មកសាកសួរ ហើយជនសង្ស័យក៏បានសារភាពថាពិតជាបានធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះទាំង ២នាក់ ពិតប្រាកដមែន។
ក្រោយការសាកសួរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ តាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕