សៀមរាប៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤និង៥៥នាទី កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ចុះបង្ក្រាបការដ្ឋានជីកយកអាចម៍ដីចំនួន០១កន្លែង គ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ចចម្រុះបាន៖
- ដកហូតរថយន្តដឹកដីចំនួន ០៥គ្រឿង
- ដកហូតរថយន្តដឹកទឹកស្រោចដីចំនួន ០១គ្រឿង
- ដកហូតអេស្កាវ៉ាទ័រចំនួន ០១គ្រឿង
- ធ្វើកំណត់ហេតុបិទទីតាំងអាជីវកម្មជាបណ្តោះអាសន្ន និងបានធ្វើកិច្ចសន្យា ឲ្យម្ចាស់ការដ្ឋានចូលខ្លួនដោះស្រាយ ដោយធ្វើការផាកពិន័យអន្តរការណ៍ អនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រង ការធ្វើអាជីវកម្មធនធានរ៉ែ។
ចំពោះវត្ថុតាងទាំងអស់ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើកំណត់ហេតុប្រគល់-ទទួលឲ្យទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់រក្សាទុកបណ្តោះអាសន្ន ៕