ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកមរណទុក្ខ សូមគោរពជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារនៃសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំសោកស្តាយយ៉ាងក្រៃលែង ដោយបានទទួលដំណឹងថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។
ខ្ញុំសូមចូលរួមរំលែកទុក្ខដោយសេចក្តីសោយស្តាយស្រណោះអាឡោះអាល័យជាទីបំផុតជាមយយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ អ្នកឧកញ៉ា ព្រឹទ្ធបហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ជាមាតាបង្កើត មាតាក្មេក ជីដូន ជីទួត ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុត។ អ្នកឧកញ៉ា ជាស្ត្រី និងជាមាតាគំរូ ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ពេលវេលា ព្រមទាំងខិតខំតស៊ូគ្រប់កាលៈទេសៈ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ លើវិស័យមនុស្សធម៌ សាសនា និងគាំទ្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ក្នុងបេសកកម្មឧត្តុង្គឧត្តមកសាងជាតិមាតុភូមិកម្ពុជា ចាប់ពីចំណុចសូន្យរហូតដល់មានការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមខ្លាំងក្លាល្បីល្បាញនៅក្នុងតំបន់ និងអន្តររជាតិ។
ខ្ញុំសូមបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។
សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវមនោសញ្ចេតនាចែករំលែកទុក្ខដោយក្តីក្រៀមក្រំបំផុត អំពីខ្ញុំ និងភរិយា ៕