ឯកឧត្តម​ នេត្រ​ ភក្ត្រា​៖​ បទល្មើស​កាប់​ឈើ​និង​ទន្ទ្រាន​ដី​ព្រៃ​ ខុសច្បាប់​ចំនួន​៣២​ករណី​ ត្រូវ​បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​

07-May-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​ ដោយ​មានការ​ចូលរួម​ពី​សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ បាន​ចុះ​ល្បាត​ដើម្បី​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ក្នុង​ខេត្ត​ទាំង​៤​ នៃ​ភូមិសាស្ត្រ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ បាន​ចំនួន​ ៥១១​លើក​ និង​បាន​បង្ក្រាប​បទល្មើស​ធន​ ធាន​ធម្មជាតិ​រួម​មានការ​លួច​កាប់​ឈើ​ខុសច្បាប់​ ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ ការ​បរបាញ់​សត្វ​ខុសច្បាប់​ បាន​ចំនួន​៣៩៩​ ករណី​ នៅ​ក្នុង​រយៈពេល​៤​ខែ​ ពី​ខែមករា​ ដល់​ខែមេសា​ ឆ្នាំ​ ២០២០​។​

​នេះ​គឺជា​ការ​ថ្លែង​ឱ្យ​ ដឹង​របស់​ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​នៃ​ក្រសួងបរិស្ថាន​ នៅ​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ ដោយ​យោង​លើ​របាយការណ៍​ស្តី​ពី​ការ​គ្រប់គ្រង​និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​ ព្រៃ​ឡង់​របស់​ក្រសួងបរិស្ថាន​។​

​ឯកឧត្តម​ នេត្រ​ ភក្ត្រា​ បាន​ថ្លែង​ថា​ បទល្មើស​កាប់​ឈើ​និង​ទន្ទ្រាន​ដី​ព្រៃ​ ខុសច្បាប់​ចំនួន​៣២​ករណី​ ត្រូវ​បាន​កសាង​សំណុំរឿង​ និង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ដំណើរការ​នីតិវិធី​ និង​បាន​ធ្វើ​កិច្ចសន្យា​ អប់រំ​ណែនាំ​ចំនួន​៤២​ករណី​ ដែល​មាន​មនុស្ស​ពាក់ព័ន្ធ​ជិត​១០០​ នាក់​។​
​ ​
​នៅ​ក្នុង​ការ​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ក្នុង​ទំហំ​ដី​ជាង​៤៣​ម៉ឺន​ហិ​កតា​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​ ខេត្តព្រះវិហារ​ ខេត្តស្ទឹងត្រែង​ និង​ក្រចេះ​ ឯកឧត្តម​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ នេត្រ​ ភក្ត្រា​ បានឱ្យ​ដឹង​ថា​ មន្ត្រី​ឧ​ទ្យា​នុ​ រក្ស​និង​ប្រជា​សហគមន៍​តំបន់​ ការពារ​ធម្មជាតិ​បាន​រឹបអូស​វត្ថុ​តាង​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​៖​រឹបអូស​រណា​យន្ត​បាន​ចំនួន​១៩៣​ គ្រឿង​ រថយន្ត​ ២​គ្រឿង​ គោ​យន្ត​ចំនួន​ ៣៤​គ្រឿង​ ម៉ូតូ​២៥​គ្រឿង​ និង​រឹបអូស​ ដែល​បាន​កាប់​បំផ្លាញ​ចំនួន​១៧៩​ម៉ែត្រគូប​ និង​ឈើ​ហ៊ុ​ប​ និង​ឈើ​ដុំ​ចំនួន​ ១៦៥​កំណាត់​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ក៏​បាន​ បង្ហាញ​ផង​ដែរ​ថា​នៅ​ក្នុង​អំឡុង​នៃ​ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​រយៈពេល​ ៤​ ខែ​ដើមឆ្នាំ​ ២០២០​ នេះ​ កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​ក្ស​ក៏​បាន​បំផ្លាញ​រុះរើ​រោង​អនាធិបតេយ្យ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ចំ​ នួន​ ៣៤​ រោង​ និង​បាន​ដកហូត​កាំភ្លើង​កែ​ច្នៃ​ដែល​ប្រើប្រាស់​សម្រាប់​ការ​បរបាញ់​សត្វ​ខុសច្បាប់​បាន​ចំនួន​ ២៩​ ដើម​ និង​បាន​ដោះ​អន្ទាក់​បាន​ចំនួន​ ៧២៤​ អន្ទាក់​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ឯកឧត្តម​ នេត្រ​ ភក្ត្រា​ បាន​គូសបញ្ជាក់​ថា​នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹង​ ប្រែង​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ និង​សហគមន៍​នៃ​តំបន់ការពារធម្មជាតិ​ ក្នុង​ការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ ឡង់​ឱ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅ​មុខ​ទៀត​។​

​ជាមួយ​គ្នា​នេះ​ រដ្ឋលេខាធិការ​ក្រសួង​បរិ​ ស្ថាន​រូប​នេះ​ក៏​បាន​លើក​ឡើង​ថា​ ទោះបីជា​មានការ​ចុះ​ទប់ស្កាត់​ និង​បង្ក្រាប​ទាំង​ យប់​ទាំង​ថ្ងៃ​ពី​សំណាក់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ក៏​បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​តូច​ដូច​ជា​ការ​លប​លួច​កាប់​ឈើ​ ការ​ទន្ទ្រាន​រាន​យក​ដី​ ធ្វើ​ជា​កម្មសិទ្ធិ​ការ​បរ​ បាញ់​និង​ការ​ដាក់​អន្ទាក់​សត្វព្រៃ​នៅ​តែ​បន្ដ​កើត​មាននៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ដែល​ចាំបាច់​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​បន្ត​ទៀត​។​

​ឯកឧត្តម​ នេត្រ​ ភក្ត្រា​ បាន​គូសបញ្ជាក់​ថា​ មាន​កត្តា​ផ្សេងៗ​ដែល​ ជំរុញ​ឱ្យ​មាន​បទល្មើស​ទាំងនេះ​ក្នុង​នោះ​រួម​មាន​ កត្ដា​ជីវភាព​របស់​ប្រជា​សហគមន៍​ ដែល​ធ្លាប់តែ​ពឹង​ អាស្រ័យ​ ទៅ​លើ​ផល​ អនុ​ផល​ព្រៃឈើ​ និង​ការ​ទាក់ទាញ​ និង​ញុះញង់​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត​ គួប​ផ្សំ​នឹង​ចំនួន​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​ឈរជើង​នៅ​ក្នុង​តំបន់​នោះ​នៅ​មាន​កម្រិត​នៅឡើយ​។​ ទោះ​យ៉ាងណា​ ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា​ កម្លាំង​មាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​យ៉ាង​ហ្មឺ​ង​ម៉ាត់​ប្រឆាំង​នឹង​បទល្មើស​ធនធានធម្មជាតិ​ដែល​កើតឡើង​ស្រប​តាម​ច្បាប់​នានា​។​

​ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ នេត្រ​ ភក្ត្រា​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ ក្រសួងបរិស្ថាន​ និង​ដៃគូ​អភិវឌ្ឍ​បាន​យកចិត្ដទុកដាក់​ខ្ពស់​លើ​ការ​រៀបចំ​ និង​ពង្រឹង​យន្ដ​​ការ​គ្រប់គ្រង​ ការ​ផ្ដល់​មធ្យោបាយ​ ឧបករណ៍​ សម្ភារ​ ក៏​ដូច​ជា​ការ​ជួយ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​បន្ថែម​ទៀត​តាម​រយៈ​ការ​បង្កើត​មុខរបរ​ថ្មី​ បង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​ បង្កើន​​ចំណូល​ ការ​ជំរុញ​ទេសចរណ៍ធម្មជាតិ​ជាដើម​ ដើម្បី​ធានា​ ប្រសិទ្ធភាព​នៃ​ការងារ​គ្រប់គ្រង​ ការពារ​ និង​អភិរក្ស​តំបន់​ព្រៃ​ឡង់​។​ បច្ចុប្បន្ន​នេះ​ ក្រសួងបរិស្ថាន​ បាន​និង​កំពុង​សហការ​អនុវត្ត​គម្រោង​ការពារ​ និង​អភិរក្ស​តំបន់​ដែន​ ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ជាមួយ​គម្រោង​ព្រៃ​ឡង់​បៃតង​គាំទ្រ​ថវិកា​ដោយ​USAID​ របស់​
​សហ​ រដ្ឋ​អា​មេ​រិ​ក​សម្រាប់​រយៈពេល​ ៥​ ឆ្នាំ​ (២០១៨-២០២៣)​ ក្នុង​ទំហំ​ទឹកប្រាក់​ ២១​ លាន​ដុល្លារ​។​

​ឯកឧត្តម​បាន​បន្ត​ថា​ គម្រោង​ព្រៃ​ឡង់​បៃតង​មាន​គោល​ បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​អភិរក្ស​ ជីវៈចម្រុះ​ និង​ ស្ថានភាព​ប្រព័ន្ធ​អេកូឡូស៊ី​ ព្រមទាំង​ បង្កើត​ឱ្យ​មាន​និរន្តរភាព​ និង​សមធម៌​នៃ​កាលា​នុ​ វត្ត​ភាព​ ផ្នែក​ សេដ្ឋកិច្ច​ ជីវភាព​សហគមន៍​ និង​ទុន​ធម្មជាតិ​សម្រាប់​ការ​វិនិយោគ​ឡើង​វិញ​ នៅ​ក្នុង​ដែន​ ជម្រក​សត្វព្រៃ​ «​ព្រៃ​ឡង់​»​និង​តំបន់​កា​ពារ​ធម្មជាតិ​ ជុំវិញ​តំបន់​ព្រៃ​ឡង់​។​ គម្រោង​នេះ​ មាន​កិច្ច​សហ​ ការ​ជាមួយ​ក្រសួង​ បរិស្ថាន​ ក្រសួង​ ស្ថាប័ន​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ពាក់ព័ន្ធ​ ដើម្បី​ពង្រឹង​ការ​ការ​ ពារ​ អភិរក្ស​ធនធាន​ ធម្មជាតិ​ និង​ជីវៈចម្រុះ​ ផ្តោត​លើ​ការងារ​កំណត់​ និង​បែងចែក​តំបន់​គ្រប់គ្រង​ ការ​ បោះបង្គោល​ព្រំប្រទល់​ ការ​រៀបចំ​ផែនការ​គ្រប់គ្រង​ និង​ការ​ចុះបញ្ជី​ដី​រដ្ឋ​ នៅ​ដែនជម្រកសត្វព្រៃ​ «​ព្រៃ​ ឡង់​»​ និង​តំបន់​ការពារ​ ធម្មជាតិ​មួយ​ចំនួន​ជុំវិញ​ តំបន់​ព្រៃ​ឡង់​ បណ្តុះបណ្តាល​ និង​ពង្រឹងសមត្ថភាព​ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ ក៏​ដូច​ជា​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​អភិរក្ស​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ ៕​

ចំនួនអ្នកទស្សនា

    19475757

  • ថ្ងៃនេះ1311
  • ម្សិលមិញ2971
  • សប្តាហ៍នេះ12461
  • ខែនេះ70901
  • ឆ្នាំនេះ248311
  • សរុប19475757