ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការ ប្រចាំខែមេសា និងទិសដៅ ខែឧសភា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ អគ្គនាយករង, ប្រធាន-អនុប្រធាននាយកដ្ឋាន និងស្នងការរងនគរបាលរាជធានី-ខេត្ត ព្រមទាំងមន្រ្តីនគរបាលជំនាញមួយចំនួន ផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ បន្ទាប់ពីទទួលស្ដាប់របាយការណ៍ប្រចាំខែ និងបញ្ហាប្រឈម តាមនាយកដ្ឋាននីមួយៗ រួចមក ឯកឧត្តម បានមានប្រសាសន៍ថា ឯកភាពលើខ្លឹមសាររបាយការណ៍ ព្រមទាំងបានណែនាំ ដល់គ្រប់នាយកដ្ឋានទាំងអស់ អនុវត្តទៅតាមទិសដៅការងារ ដែលបានដាក់បញ្ចូលក្នុងរបាយការណ៍។
មានប្រសាសន៍បន្ថែមក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ បានណែនាំដល់នគរបាលអន្តោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែនទាំងអស់ បន្តកិច្ចសហការជាមួយនគរបាលព្រំដែន និងសមត្ថកិច្ចដែលពាក់ព័ន្ធ ដើម្បីពង្រឹងលើការចេញ-ចូលខុសច្បាប់ របស់ប្រជាពលរដ្ឋ នៅតាមព្រំដែន។ ក្នុងនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឲ្យលោកស្នងការរងនគរបាល តាមបណ្ដារាជធានី-ខេត្ត ដែលទទួលផែនអន្តោប្រវេសន៍ បន្តពង្រឹងការងារមូលដ្ឋាន របស់មន្ត្រីនគរបាលប៉ុស្តិ៍ ក្នុងការចុះស្រង់ស្ថិតិ និងគ្រប់គ្រងការចេញ-ចូល របស់ជនបរទេស ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ។
ឆ្លៀងក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានកោតសរសើរ លើការងារជំនាញ ដែលមន្ត្រីនគរបាលអន្តោប្រវេសន៍ បានខិតខំប្រឹងប្រែងអនុវត្តនាពេលកន្លងមកនេះ និងបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានចូលរួមចំណែក ក្នុងកិច្ចការងារសង្គម ដោយបានបរិច្ចាគថវិកា ដែលជាប្រាក់ខែ របស់ខ្លួនផ្ទាល់ ក្នុងរួមចំណែកការពារទប់ស្កាត់ ជំងឺកូវីដ-១៩ ផងដែរ៕