ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ក្នុងរយៈពេលជាង៣សប្តាហ៍ចុងក្រោយនេះ ប្រទេសរុស្ស៊ី បានទាញទម្លាក់ប្រទេសអង់គ្លេស អ៊ីតាលី បារាំង និងអាល្លឺម៉ង់ អោយធ្លាក់ចុះក្រោមជាបន្តបន្ទាប់ ហើយប្រទេសនេះបានឡើងដល់ចំណាត់ថ្នាក់លេខ៣ ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេ នៅលើពិភពលោក ដែលគិតត្រឹមថ្ងៃពុធ ទី១៣ ខែឧសភានេះ រុស្ស៊ីមានការឆ្លងសរុបនៃវីរុសCovid-19ចំនួន ២៣២ ២៤៣ករណី ដោយបូកបន្ថែមការឆ្លងថ្មីចំនួន១០ ៨៩៩ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ និងមនុស្សសរុបចំនួន២ ១១៦នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ។
ប្រទេសដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេនៅលើពិភពលោក គឺសហរដ្ឋអាមេរិក ដែលមានការឆ្លងសរុបចំនួន ១ ៤០៨ ៥៧៤ ករណី ដោយបូកបន្ថែមការឆ្លងថ្មីចំនួន ២២ ៧៤០ករណី ក្នុងរយៈពេល២៤ម៉ោងនៅចន្លោះថ្ងៃអង្គារនិងថ្ងៃពុធនេះ ខណៈដែលមនុស្សស្លាប់សរុបនៅអាមេរិក ក៏បានកើនឡើងដល់ចំនួន ៨៣ ៤២៤នាក់ផងដែរ ដោយបូកបន្ថែមអ្នកស្លាប់ថ្មីចំនួន១ ៦២៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។
ប្រទេសជាប់លំដាប់ថ្នាក់លេខ២ គឺប្រទេសអេស្ប៉ាញ ដែលមានការឆ្លងសរុបនៃវីរុសCovid-19ចំនួន ២៦៩ ៥២០ករណី និងមនុស្សសរុបចំនួន២៦ ៩២០នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ ៕