នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន៖ រយៈពេលពីរសប្តាហ៍មកនេះបានឃាត់ និងផាក់ពិន័យយានយន្តបានរហូតដល់ ជាងពីរម៉ឺនគ្រឿង

15-May-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា នាពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋ កាន់តែច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្រោយពីរាជរដ្ឋាភិបាលបានរឹតបន្តឹងខ្លាំងចំពោះការអនុវត្តច្បាប់ ដោយរយៈពេលពីរសប្តាហ៍បន្ទាប់ពីរឹតបន្តឹងនោះកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសបានរហូតដល់៥០ទៅ៦០ភាគរយនិងកាត់បន្ថយការខូចខាត់ទ្រព្យសម្បត្តិរបស់ពួកគាត់បានកាន់តែច្រើនផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានលើកឡើងថា បន្ទាប់ពីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករយៈពេលពីរសប្តាហ៍មកនេះ គឺបានឃាត់ និងផាក់ពិន័យយានយន្តបានរហូតដល់ ជាងពីរម៉ឺនគ្រឿង ហើយភាគច្រើនផ្នែកម៉ូតូ គឺអត់ពាក់ពួកសុវត្ថិភាពរហូតដល់ជាង៧០ភាគរយ និងខាងរថយន្តអត់ពាក់ខ្សែរក្រវ៉ាត់ និងបើកបរហួសល្បឿនកំណត់ជាដើម។

ជាមួយគ្នានោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានបញ្ជាក់ជាថ្មីផងដែរថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់នេះ គឺរាជរដ្ឋាភិបាលធ្វើឡើងដើម្បីគុណប្រយោជន៍របស់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ពួកគាត់តែប៉ុណ្ណោះមិនមែនធ្វើឡើងដើម្បីសង្កត់ករ ឬក៏ធ្វើបាបជីវភាពរបស់ប្រជាពលរដ្ឋនោះឡើយ។

យ៉ាងណាក៏ដោយឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន នៅតែទទួចហើយទទួចទៀត ដល់បងប្អូន ប្រជាពលរដ្ឋនាំគ្នាបន្តចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា ហើយប្រសិនបើមិនគោរពទេនោះ មិនថាឡើយនគរបាលឬមន្រ្តីអនុវត្តច្បាប់នានា ត្រូវតែទទួលទោសផាកពិន័យដូចគ្នានឹងប្រជាពលរដ្ឋយ៉ាងដូច្នេះដែរ ដោយគ្មានការលើកលែងនោះឡើយ។ ជាងនេះទៅទៀតឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានបញ្ជារដល់គ្រប់ ស្នងការរាជធានី-ខេត្ត និងនាយកដ្ឋាននានាត្រូវតែប្រាប់កូនចៅរបស់ខ្លួន ឲ្យធ្វើជាគំរូដ៏ល្អដល់បងប្អូនប្រជាពល ដោយបើកបរយានយន្តត្រូវគោរពឲ្យបានត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់មកនោះ៕

 

ចំនួនអ្នកទស្សនា

    19579497

  • ថ្ងៃនេះ5071
  • ម្សិលមិញ4561
  • សប្តាហ៍នេះ22671
  • ខែនេះ15791
  • ឆ្នាំនេះ352051
  • សរុប19579497