ជនសង្ស័យម្នាក់កាន់ពូថៅគំរាមយកខ្សែ.កក្មេងស្រីចាំចំការត្រូវពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

15-May-2020 | ដោយ ពលមនសិការ

សៀមរាប៖ ជនសង្ស័យម្នាក់បានកាន់ពូថៅទៅគំរាមក្មេងស្រី២នាក់ យកខ្សែ.កក្នុងរោងចាំចំការ រួចជិះម៉ូតូគេចខ្លួន តែត្រូវតុលាការប្រជាជននាំគ្នាដេញទាន់ និងបានស្វាគមន៍យ៉ាងចាស់ដៃរួចប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៤និង៣០នាទី ស្ថិតក្នុងរោងចាំចំការដាំឈូកក្នុងភូមិ ស្វាយព្រៃ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តរ៉េត ស្នងការរងទទួលការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ករណីជនសង្ស័យម្នាក់បានពូថៅទៅគំរាម នារីម្នាក់យកខ្សែ.ករួចជិះម៉ូតូគេចខ្លយនត្រូវពលរដ្ឋនាំគ្នាដេញចាប់បានយកមកប្រគល់មកឲ្យសមត្ថកិច្ច។

ជនសង្ស័យមានឈ្មោះ រ៉េត សារួម ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ភ្នំក្រោម សង្កាត់សៀមរាប ក្រុងនិងខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(យកពូថៅគំរាមយកខ្សែករ)។

លោកបន្តថា ស្ថិតនៅរោងចាំចំការដាំឈូកក្នុងភូមិ ស្វាយព្រៃ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប ពេលជនរងគ្រោះឈ្មោះស៊ឺង ឡាំងគឿ ភេទស្រី អាយុ២០ឆ្នាំ កំពុងនៅនឹងរោងជាមួយប្អូនស្រីឈ្មោះ វ័រ រដ្ឋា អាយុ១៩ឆ្នាំ ត្រូវជនសង្ស័យឈ្មោះខាងលើ ជិះម៉ូតូ០១គ្រឿង ម៉ាកអាសង់ស៊េរីចាស់មកឈប់ពីមុខរោងហើយដើរចូលសំដៅមកជនរងគ្រោះនិងប្អូនស្រី រួចជនសង្ស័យបានឃើញពូថៅរបស់ជនរងគ្រោះទុកនៅនឹងជណ្ដើរក៏ស្រាប់តែជនសង្ស័យយកមកកាន់នឹងដៃរួចគំរាមជនរងគ្រោះឲ្យដោះខ្សែ.កផ្លាទីនតំលៃ១៥០ដុល្លារពីក តែដោយជនរងគ្រោះដោះយឺតជនសង្ស័យក៏កន្ត្រាក់ដាច់រួច ត្រូវប្អូនជនរងគ្រោះស្រែកឆោឡោថាចោរៗ ជនសង្ស័យរត់ឡើងជិះម៉ូតូត្រូវអ្នកជិតខាងលឺ ជិះម៉ូតូដេញតាម ទៅទិសខាងជើងបានប្រហែល៣គីឡូម៉ែត្រ។ ជនសង្ស័យភ័យ ក៏គប់ខ្សែ.ក លួចបាននោះចោលតាម ផ្លូវបណ្ដាលឲ្យបាត់ ពេលជនសង្ស័យជិះដល់ត្រង់ចំណុចមុខវត្តចក ត្រូវបងប្អូនប្រជាពលរដ្ឋជិះតាមផ្លូវឃើញនាំគ្នាជួយឃាត់បានប្រគល់ឲ្យនគរបាលសួរនាំ ជនសង្ស័យក៏ឆ្លើយសារភាពដូចបានរៀបរាប់ខាងលើនោះមែន។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕

ចំនួនអ្នកទស្សនា

    19559367

  • ថ្ងៃនេះ2541
  • ម្សិលមិញ4111
  • សប្តាហ៍នេះ2541
  • ខែនេះ76981
  • ឆ្នាំនេះ331921
  • សរុប19559367