ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការពន្យាឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រៀបបាននឹងការបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋខ្មែរ រងរបួស និងស្លាប់បន្ថែមទៀតដោយសារតែបញ្ហាចរាចរណ៍នេះ ខណៈរាជរដ្ឋាភិបាលបានរឹតបន្តឹងត្រឹមតែរយៈពេលពីរសប្តាហ៍បានជួយសង្គ្រោះជីវិតពួកកាត់បានជាច្រើននាក់នោះ។
តាមរយៈផេកហ្វេសបុកផ្ទាល់ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ភាពវិជ្ជមានចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានធ្វើឲ្យអត្រាអ្នកស្លាប់ អ្នករងរបួស និងគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល២សប្តាហ៍ ក្នុងខែឧសភាឆ្នាំ២០២០ មានការថយចុះគួរកត់សម្គាល់បើប្រៀបធៀបនឹងពេលមុនមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា« ទិន្នន័យជាផ្លូវការបានបញ្ជាក់ថាចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេល១៤ថ្ងៃគឺតពីថ្ងៃទី១រហូតដល់ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២០នេះ បើប្រៀបធៀបពីថ្ងៃទី១ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ដូចគ្នាគឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ២៦លើក អ្នករងរបួសថយចុះ៨១នាក់និងអ្នកស្លាប់ថយចុះ៤នាក់។ ចំនួននេះបើប្រៀបធៀបពីថ្ងៃទី១រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩វិញគឺមានការថយចុះកាន់តែច្រើនដូចជាគ្រោះថ្នាក់ចរាចរណ៍ថយចុះ៦៨លើក អ្នករងរបួសថយចុះ៩១នាក់ និងអ្នកស្លាប់ថយចុះ២០នាក់ ដែលនេះគឺបានបង្ហាញយ៉ាងច្បាស់ថាប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែច្រើន»។
ជាថ្មីម្តងទៀតសម្តេចប្រមុខក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួននិងអរគុណដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានល្អប្រសើរ។ ជាមួយគ្នានេះក៏សូមថ្លែងអំណរគុណចំពោះគ្រប់បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមផ្សព្វផ្សាយ និង អប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះជូនប្រជាពលរដ្ឋផងដែរ។
សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា«កន្លងមកនេះមានមតិខ្លះក៏បានលើកឡើងដោយសុំឲ្យមានការពន្យាឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះដោយមូលហេតុផ្សេងៗ ប៉ុន្តែក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំសូមជម្រាបបញ្ជាក់ជូនបងប្អូនជនរួមជាតិមេត្តាជ្រាបថាតាមលទ្ធផលជាវិជ្ជមានខាងលើនេះបានបង្ហាញថា ការពន្យាឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះគឺប្រៀបបាននឹងការបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋខ្មែរយើងនៅតែបន្ត រងរបួស និងស្លាប់បាត់បង់ជីវិតកាន់តែច្រើនឡើងៗថែមទៀត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាការកើតឡើងនូវសោកនាដកម្ម ទាំងចំពោះគ្រួសារ និងសង្គមជាតិយើង»។
ទោះជាយ៉ាងណាក៏ដោយដើម្បីកាត់បន្ថយ ឬក៏លប់បំបាត់ឲ្យបាននូវ បាតុភាពអវិជ្ជមានផ្សេងៗក្នុងយុទ្ធនាការ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ សម្តេចក្រឡាហោម ស ខេង ក៏សូមក្រើនរំលឹកថែមទៀតដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើងទាំងមូលនោះ៕