ស្នងការដ្ឋាននគរបាលខេត្តសៀមរាប៖ សោរចាក់កង់រថយន្ដតាក់ស៊ី ដោយសារពួកគាត់គេចវេសដោយមិនព្រមចូលបេន

25-June-2020 | ដោយ ពលមនសិការ

ដើម្បីចៀសវាងការយល់ច្រឡំរបស់មហាជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម facebook ស្នងការដ្ឋាននគរបាលខេត្តសៀមរាបសូមធ្វើការបកស្រាយជូនដូចខាងក្រោម៖

១-យើងខ្ញុំសូមបដិសេធឃ្លីបវីដេអូដែលបានបង្ហោះ និងខ្លឹមសារអត្ថាធិប្បាយចោទប្រកាន់កម្លាំងសមត្ថកិច្ចនគរបាលយកសោរចាក់កង់ឡានរបស់ភ្ញៀវចូលទៅចាក់សាំងនៅហ្គារ៉ាស់សាំងនោះ។

២-សកម្មភាពនោះ គឺកម្លាំងចំរុះសហការជាមួយប្រជាការពារបានយកសោរចាក់កង់រថយន្ដតាក់ស៊ី ដែលពួកគាត់គេចវេសដោយមិនព្រមចូលបេន តាមសេចក្តីណែនាំរបស់សាលាខេត្តលេខ០០១.១៩ សណន ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ស្តីពីការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ និងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងបរិស្ថាន អនាម័យនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

៣.ស្នងការដ្ឋាននគរបាលខេត្តសៀមរាបមានសិទ្ធិសម្រេចទទួលយកកិច្ចសហការរបស់ក្រុមការងារប្រជាការពារជាមួយកងកម្លាំងនគរបាលជាតិដើម្បីអនុវត្តបទបញ្ជា និងសេចក្តីណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត សំដៅថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងទឹកដីខេត្ត-ក្រុងសៀមរាប។

សូមបញ្ជាក់ជូនថា កន្លងមកក្រុមរថយន្ដតាក់ស៊ីមួយចំនួនតូចទាំងនេះ គឺពួកគាត់ពុំព្រមចូលចាប់ភ្ញៀង និងដាក់ភ្ញៀវនៅក្នុងបេនតាមការណែនាំរបស់អាជ្ញាធរខេត្តឡើយ ពួកគាត់តែងតែយកកន្លែងស្ថានីយ៍ប្រេង ឬភោជនីយដ្ឋាន និងទីតាំងជួសជុលរថយន្ត ធ្វើជាជំរកដើម្បីជាលេសក្នុងការចាប់ម៉ូយនៅតាមដងផ្លូវដែលធ្វើអោយមានភាពរញ៉េរញ៉ៃ និងបាត់បង់សណ្តាប់សាធារណៈ ក៏ដូចជាសោភណ្ឌភាពក្រុងសៀមរាប មានពេលខ្លះធ្វើអោយបាត់សម្ភាររបស់ភ្ញៀវទៀតផង។ ជាក់ស្តែងគឺដូចករណីខាងលើនេះ គីគាត់យកឡានទៅចតនៅហ្គារ៉ាស់សាំង ហើយពួកគាត់ចេញមកចាប់ម៉ូយយ៉ាងអាណាធិបតេយ្យនៅលើដងផ្លូវ ទោះយើងខិតខំណែនាំពួកគាត់យ៉ាងណាក៏គាត់មិនព្រមស្តាប់ និងហៅគាត់ទៅណែនាំក៏មិនព្រមទៅ ទើបកម្លាំងចំរុះយើងសម្រេចចិត្តយកសោទៅចាក់កង់ឡាន។

សូមសាធារណជន និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមកុំមានការយល់ច្រឡំ និងសូមកុំមានការបកស្រាយបំភ្លើសពីការពិត ជេរប្រមាថ ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីអនុវត្តច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    19539117

  • ថ្ងៃនេះ1871
  • ម្សិលមិញ1951
  • សប្តាហ៍នេះ3831
  • ខែនេះ56731
  • ឆ្នាំនេះ311671
  • សរុប19539117