ភ្នំពេញ៖ ដើម្បីផ្ដល់សេវាកម្ម និងគាំទ្រគម្រោង "សាលារៀនជំនាន់ថ្មី" នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ មានពិធីចុះកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងអង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា (KAPE) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក សៅ វណ្ណា នាយកប្រតិបត្តិអង្គការ KAPE នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។
គម្រោង "សាលារៀនជំនាន់ថ្មី" ជាគម្រោងពិសេសដើម្បីណែនាំពីគោលការណ៍ អភិបាលកិច្ចដ៏មានប្រសិទ្ធភាព ដែលត្រូវបានប្រើប្រាស់សនៅក្នុងវិស័យឯកជនទៅដល់ប្រព័ន្ធសាលារៀនសាធារណៈ ដោយប្រើប្រាស់គំរូ ការគ្រប់គ្រងបែបជាដៃគូរវាងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីរក្សានិរន្តរភាព បរិស្ថានសាលាកុមារមេត្រី ដែលមានគុណភាពខ្ពស់សម្រាប់សិស្សានុសិស្សនៅតាមជនបទ និងជុំវិញរាជធានីភ្នំពេញ។
ជារួមគោលដៅរយៈពេលវែង គឺដើម្បីបង្កើតនូវគំរូការអភិវឌ្ឍវិស័យអប់រំ ដែលនាំទៅរកគំនិតថ្មីសម្រាប់សាលារៀនសាធារណៈនៅកម្ពុជា ក្នុងការបង្ហាញពីការងារអភិបាលកិច្ចល្អ ស្ដង់ដាវិជ្ជាជីវៈ និងគុណភាពខ្ពស់ ៕
ប្រភព៖ ទំព័រក្រសួងអប់រំ យុវជន និងកីឡា