ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ មានពិធី ជួបសំណេះសំណាលសួរសុខទុក្ខជាមួយកងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ នៃយោធភូមិភាគទី១ នៅខេត្តស្ទឹងត្រែង។
ពិធីសំណេះសំណាលសួរសុខទុក្ខនេះ ប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។
ឯកឧត្តមរដ្ឋមន្ត្រី បាននាំនូវបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបាននាំយកនូវសម្ភារៈមួយចំនួនប្រគល់ជូនដល់កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ។
ទាំងនេះដើម្បីបញ្ជាក់នូវការលើកទឹកចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ដែលបានពុះពារជំនះរាល់ការលំបាកក្នុងបុព្វហេតុសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសការរួមចំណែករដល់ការងារមនុស្សធម៌ និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៕
ប្រភព៖ ទំព័រក្រសួងបរិស្ថាន