ត្បួងឃ្មុំ៖ នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពជា រាជធានីភ្នំពេញ បានជួបសំណេះសំណាល និងនាំមកនូវសម្ភារ:មួយចំនួនជូនដល់ប្អូនៗជាសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បួងឃ្មុំ ចំនួន ១៤២រូប។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍កោតសរសើចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗ រហូតទទួលបានលទ្ធផលដែលកើតចេញពីសមត្ថភាពយ៉ាងពិតប្រាកដមួយរបស់ប្អូនៗ ហើយនេះក៏ជាយុត្តិធម៌សង្គមមួយដែលប្អូនៗទទួលបាន គឺអ្នកចេះគឺជាប់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការផ្ទេរ និងផ្តល់ចំណេះដឹងទៅដល់ប្អូនៗជាសិស្សានុសិស្ស។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ប្អូនៗបន្ទាប់ពីនេះទៅ ត្រូវធ្វើការសម្រេចចិត្តជ្រើសរើសនូវមុខជំនាញដើម្បីបន្តការសិក្សាអោយត្រូវទៅនឹងចំណង់ចំណូលចិត្តរបស់ខ្លូន តស៊ូរៀនសូត្រដើម្បីក្លាយទៅជាបញ្ញាវ័ន្តដ៏ពូកែ អាចវិនិយោគលើជីវិតខ្លួនទទួលបានជោគជ័យ ដែលជាការរួមចំណែកយ៉ាងធំជួយដល់ការអភិវឌ្ឍន៍សង្គមជាតិ។
ក្នុងចំណោមសិស្សដែលប្រឡងជាប់ទាំង ១៤២រូបខាងលើនេះ ប្អូនស្រី ហ៊ត ស្រីណែត ជាសិស្សរៀននៅវិទ្យាល័យពាមជាំង ក្នុងស្រុកអូររាំងឪ និងដែលមានទីលំនៅក្នុងភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ គឺជាសិស្សមួយរូបដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៥ នៅទូទាំងប្រទេសនេះផងដែរ ៕
ប្រភព៖ ទំព័រក្រសួងបរិស្ថាន