តាកែវ៖ នៅសាលសហសិក្សាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ បានរៀបចំការប្រឡងជ្រើសរើសជ័យលាភីអាហារូបករណ៍ឆ្នាំ២០១៥ ចំនួន៣៤០កន្លែង ក្នុងនោះ ថ្នាក់បរិញ្ញាបត្រចំនួន ២៩៥កន្លែង និងថ្នាក់បរិញ្ញាបត្ររងចំនួន ៤៥កន្លែង ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសេនាធិការនៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង លោកជំទាវ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ ផេង បានមានប្រសាសន៍សំណេះសំណាលជាមួយបេក្ខជនប្រឡង និងបានធ្វើការណែនាំ ផ្ដាំផ្ញើលើកទឹកចិត្ត ព្រមទាំងបានបើកនូវហិបវិញ្ញាសាដើម្បីដាក់ឱ្យដំណើរការនៃការប្រឡងនេះផងដែរ។
សូមបញ្ជាក់ផងដែរថា ការប្រឡងអាហារូបករណ៍នេះ មានបេក្ខជនចូលរួមប្រកួតប្រជែងសរុបចំនួន ៨៥១នាក់ ក្នុងនោះស្រីចំនួន ៣៨៧នាក់៕
ប្រភព៖ ទំព័រ សសយក ខេត្តតាកែវ