ភ្នំពេញ៖ នៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជា អធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី កត្តាប្រឈមនឹងគោលនយោបាយពាណិជ្ជកម្មនៅអាស៊ី ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់២១ ខែតុលា ឆ្នាំ២០១៥ ។
សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីប្រមាណ៨០នាក់មកពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ធនាគារជាតិនៃកម្ពុជា និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី ដោយមានការធ្វើបទបង្ហាញរបស់វាគ្មិននានាអញ្ជើញមកពីធនាគារអភិឌ្ឍន៍អាស៊ី និងវិទ្យាស្ថានធនាគារអភិឌ្ឍន៍អាស៊ី។
ឯកឧត្តមបានសម្តែងនូវការកោតសរសើរ ចំពោះវាគ្មិននានា ដែលបានចែករំលែកការអនុវត្តល្អៗនានា ជូនដល់មន្ត្រីនៅក្នុងក្រសួង ពាក់ព័ន្ធនានា និងភាគីពាក់ព័ន្ធផ្សេងទៀត។
ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់ថា សិក្ខាសាលានេះរៀបចំឡើង មានគោលបំណងស្វែងយល់ឲ្យកាន់តែច្បាស់អំពី សមាហរណកម្មសេដ្ឋកិច្ចតំបន់នៅអាស៊ី វាយតម្លៃអំពីបញ្ហាពាក់ព័ន្ធ នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ស្តីពី កម្ពុជា វិភាគអំពីអត្ថប្រយោជន៍បណ្តាញ ផលិតកម្មតំបន់ និងតំបន់សេដ្ឋកិច្ចពិសេស។ សមាហរណកម្មពាណិជ្ជកម្មសេវានៅក្នុងអាស៊ាន មានសក្កានុពលយ៉ាងច្រើន ដែលរួមចំណែកដល់តម្លៃបន្ថែម និងផ្តល់ការងារធ្វើសរុបប្រមាណ ៤០%នៅក្នុងតំបន់។
សិក្ខាសាលានេះ បានស្វែងរកដំណោះស្រាយមួយ ឆ្ពោះទៅរកការអនុវត្តគោលនយោបាយពាណិជ្ជកម្ម ឲ្យកាន់តែសេរីថែមទៀត និងស្វែងរកមធ្យោបាយលុបបំបាត់ ឧបសគ្គរារាំងដល់ការធ្វើសមារណកម្ម សេដ្ឋកិច្ចដូចជា៖ កិច្ចសម្រួលពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ បទដ្ឋាន អត្រាប្តូរប្រាក់ និងលំហូរមូលធនវិនិយោគ ព្រមទាំងការកើនឡើងនូវវិធានការ មិនមែនពន្ធគយនានា ដែលធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ៕
ប្រភព៖ ទំព័រក្រសួងពាណិជ្ជកម្ម