ត្បូងឃ្មុំ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយ លោកជំទាវ យឹម ឆៃលីន ប្រធានកិត្ដិយស និងលោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានក្រុមការងារចុះជួយស្រុកត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំរកាពប្រាំ បានចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ២៣ភូមិ នៅក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានប្រជាជនជាង ១០០០នាក់។
បន្ទាប់របាយការណ៍ស្វាគមន៍របស់លោក កេង ប៊ុនណា អភិបាលស្រុកត្បូងឃ្មុំ និងឯកឧត្តម ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការបង្ហាញអំពីនីតិវិធីនៃការពិនិត្យនិងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋរួចមក លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយឃុំរកាពប្រាំ ក៏បានថ្លែងនូវមតិសំណេះសំណាល និងបាននាំពាក្យនូវការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកយាយ លោកតា បង ប្អូនប្រជាពលរដ្ឋនៅក្នុងឃុំរកាពប្រាំទាំងមូលផងដែរ។
ក្នុងនោះដែរ លោកជំទាវប្រធានក្រុមការងារបានធ្វើការគាំទ្រនូវយុទ្ធសាស្ត្រ ក៏ដូចជាគោលនយោបាយក្នុងការដឹកនាំប្រទេសប្រកបដោយគុណធម៌ និងមានភាពចាស់ទុំរបស់ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន ទើបធ្វើឲ្យប្រទេសកម្ពុជាបានបញ្ចប់នូវសង្រាមរ៉ាំរ៉ៃ និងបានជៀសផុតពីការប្រឈមមុខដាក់គ្នាជាមួយប្រទេសជិតខាង ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព ប្រជាពលរដ្ឋមានពេលវេលាគ្រប់គ្រាន់ក្នុងការបង្កបង្កើនផល និងប្រកបរបរចិញ្ចឹមជីវិតដោយមិនមានភាពភ័យខ្លាច។
ទទឹមនឹងនោះ លោកជំទាវប្រធានក្រុមការងារ បានធ្វើការផ្ដាំផ្ញើរជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសលោកតា លោកយាយ សូមធ្វើការថែទាំសុខភាពផ្ទាល់ខ្លួនធ្វើយ៉ាងណាកុំឲ្យមានជំងឺ ព្រោះរដូវវស្សា នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។
ជាកិច្ចបន្ត លោកជំទាវ យឹម ឆៃលីន ប្រធានកិត្ដិយ សសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបានថ្លែងនូវការគិតគូពីសំណាក់ប្រមុខរាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋមិនថានៅក្នុងឃុំរកាពប្រាំប៉ុណ្ណោះទេ គឺលោកតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។
ទទឹមនឹងនោះ លោកជំទាវ ប្រធានកិត្ដិយសបានសំដែងនូវការកោតសរសើរជូនចំពោះ លោកជំទាវប្រធានក្រុមការងារ ឯកឧត្តម ប្រធានគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា លោកអភិបាលស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្បូងឃ្មុំ ដែលបានផ្ដួចផ្ដើមគំនិត និងធ្វើការរៀបចំនូវកម្មវិធី ពិនិត្យព្យបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៣ភូមិ នៅក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងពេលនេះ។ លោកជំទាវសង្ឃឹម និងជឿជាក់ថា តាមរយៈការព្យាបាលនេះ និងធ្វើឲ្យបងប្អូន លោកយាយ លោកតា ទទួលបាននូវសុខភាពល្អ អាយុយឺនយូរ។
នៅទីបញ្ចប់លោកជំទាវប្រធាកិត្ដិយស បានចែកជូនដល់យុវជនឃុំចំនួន២៦នាក់ ក្នុងម្នាក់ៗទទួលបាននូវក្រណាត់ខោ និងក្រណាត់អាវមួយកំផ្លេរ។
នាព្រឹកដដែលលោកជំទាវ ប្រធានកិត្ដិយស សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយលោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយចែកជូនគ្រួសារក្រីក្រចំនួន ១០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ ឃីតមួយកញ្ចប់ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធ១យួរ ទឹកដោះគោ ចាន ឆ្នាំង ស្លាបព្រា ធុងដាក់ទឹកប្រើប្រាស់ចំនួន១ មី១កេស អង្ករ២០គីឡូក្រាម និងថវិកាចំនួន ៥០,០០០រៀលផងដែរ៕