“ពេលវេលាដែលត្រូវតបស្នង វិភាគទានចំពោះអធិរាជសម្លេងមាស ស៊ីនស៊ីសាមុត“ គឺជាចំណងជើង នៃកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌មួយ ដែលនឹងប្រព្រឹត្តិធ្វើឡើង នៅរាត្រីថ្ងៃសៅរិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ នេះគឺជាព្រឹត្តិការណ៍ប្រគំតន្ត្រីពិសេសមួយដែលមិនធ្លាប់កើតមានពីមុនមកនៅក្នុងប្រទេសកម្ពុជា រៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ គឺជាការរ៉ៃអង្គាសថវិកាឧបត្ថម្ភ ជួយដល់ភរិយារបស់ លោក ស៊ីន ស៊ីសាមុត និងក្រុមគ្រួសារ គាំទ្រដល់មូលនិធិស៊ីន ស៊ីសាមុត (ដែលអភិរ័ក្សតន្ត្រីខ្មែរសម័យដើម) បង្កើតមូលនិធិដើម្បីគាំទ្រដល់តន្ត្រីករដែលនៅសេសសល់និងកំពុងរស់នៅក្នុងភាពក្រីក្រ ព្រមទាំងរ៉ៃអង្គាសថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ជាផងដែរ។
សំបុត្រចូលទស្សនាកម្មវិធីនេះ មានលក់ជូនសាធារណៈជនក្នុងប្រភេទតម្លៃ ២០.០០០រៀល ៤០.០០០រៀល និង៦០.០០០រៀល។
គ្រប់ប្រភេទសំបុត្រចូលទស្សនាកម្មវិធីនេះអាចរកទិញបាននៅតាម ទីតាំងសាខា Smart ទាំងអស់នៅរាជធានីភ្នំពេញ (លើកលែងតែនៅក្នុងយានដ្ឋានអន្តរជាតិភ្នំពេញ) ដោយផ្ទាល់ ចាប់ពីថ្ងៃនេះតទៅ។
ចំពោះលោកអ្នកដែលប្រើប្រាស់ ប្រព័ន្ធទូស័ព្ទ Smart ក៏អាចចូលរួមវិភាគទានទៅកាន់មូលនិធិ ស៊ីន ស៊ីសាមុត ជាសមតុល្យទឹកប្រាក់ (ហាសិបសេន មួយដុល្លារ ពីរដុល្លារ ឬ ប្រាំដុល្លារ) ពីក្នុងគណនីទូរស័ព្ទ ដោយគ្រាន់តែហៅទៅកាន់លេខកូដ *633# តែប៉ុណ្ណោះ៕
ប្រភព៖ ទំព័រក្រសួងពាណិជ្ជកម្ម