ភ្នំពេញ៖ នៅសណ្ឋាគារ Imperial Garden ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ មានពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការអនុវត្តតេស្តថ្នាក់តំបន់កម្រិតបឋមសិក្សា ក្រោមអធិបតីភាពឯកឧត្ដម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូនីសេហ្វ និងមានការអញ្ជើញចូលរួមពីប្រទេសចំនួន ០៤ គឺ៖ ប្រទេសកម្ពុជា ប្រ៊ុយណេ ឡាវ និងភូមា។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម អ៊ឹម កុច បានបញ្ជាក់ថា តេស្ដវាយតម្លៃសិស្សកម្រិតបឋមសិក្សា គឺជាប្រព័ន្ធវាយតម្លៃកម្រិតស្តង់ដារួមថ្នាក់តំបន់ ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការធ្វើការវាយតម្លៃគុណភាពអប់រំជាពិសេសគុណភាពការសិក្សារបស់សិស្សានុសិស្ស ដើម្បីធានាបាននូវសមភាពក្នុងការប្រកួតប្រជែងទីផ្សារក្នុងតំបន់។
នេះជាចំណុចអាទិភាពមួយនៃកំណែទម្រង់វិស័យអប់រំទាំង ១៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្ដមបានបន្ថែមទៀតថា ក្នុងឆ្នាំសិក្សា ២០១៥-២០១៦ គឺជាដំណាក់កាលដំបូងនៃការសាកល្បងការអនុវត្តតេស្តថ្នាក់តំបន់នេះ៕
ប្រភព៖ ទំព័រក្រសួងអប់រំ យុវជន និងកីឡា