បារាំង៖ នៅព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាលបារាំង ដែលបានផ្តល់នូវផែនទីជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ទៀងផ្ទាត់ជាមួយនិងប្រទេសជិតខាង។
សម្តេចតេជោមានប្រសាសន៍បន្តថា បញ្ហាផែនទីនេះគឺមិនមែន មានបញ្ហាជាមួយនិងប្រទេសជិតខាង ឬបញ្ហារវាងកម្ពុជានិងវៀតណាមនោះទេ ប៉ុន្តែវាគឺជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជាផ្ទាល់តែម្តង។
នៅក្នុងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា បារាំង សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែង នូវការពេញចិត្តចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា បារាំង គឺចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ ២០១៥ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិបារាំង AFD កម្ពុជាបានទទួលកម្ចីសម្បទាន ៤០៦លានអឺរ៉ូ ហើយថ្ងៃនេះនិងមានការផ្តល់បន្ថែមទៀតដល់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ថ្វីត្បិតមានកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរក៏ពិតមែន ប៉ុន្តែសម្តេចមិនទាន់ ពេញចិត្តចំពោះទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ឲ្យកាន់តែមានទំហំទ្វេឡើងថែមទៀត សម្រាប់ប្រទេសទាំងពីរ តាមរយៈនេះសម្តេចស្នើឲ្យឯកឧត្តមប្រធានាធិបតី ជួយជំរុញអ្នកវិនិយោគបារាំងទៅបណ្តាក់ទុននៅ កម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើដល់ភាគីបារាំង ផ្តល់នូវជំនួយបច្ចេកទេសទាំងហិរញ្ញវត្ថុនិងធនធាន មនុស្សដល់កម្ពុជា ក្នុងការជួយជំរុញឲ្យ ដំណើរការនៃការអនុវត្តគោលនយោបាយស្តីពី វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ទទួលបានជោគជ័យ។
ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងនូវអំណរគុណ ចំពោះតួនាទីរបស់បារាំង ក្នុងនាមជាសហប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានរួមចំណែកយ៉ាងសកម្មដល់ការថែរក្សា និងអភិរក្សប្រាសាទអង្គរកម្ពុជា និងការរួមចំណែកជួយដល់ការជួយជំរុញកំណើនទេសចររបស់កម្ពុជា ពិសេសការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។
នៅលើទំនាក់ទំនងអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ចូលរួមអបអរសាទរចំពោះប្រទេសបារាំង ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទអន្តរជាតិស្តីពីបម្រែបម្រួលធាតុអាកាស ដែលគ្រោងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០១៥ តាមរយៈនេះកម្ពុជាសូមគាំទ្រឲ្យសន្និសីទនោះ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់បំផុត។
ក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះសុន្ទរកថារបស់ឯកឧត្តមប្រធានាធិបតី ដែលបាន ថ្លែងនៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ កាលពីពេលថ្មីៗកន្លងទៅ។
សម្តេចតេជោក៏បានគាំទ្រនូវការសំរេចរបស់រដ្ឋាភិបាលបារាំង ក្នុងការវាយ ប្រហារតាមជើងអាកាស ក្នុងការប្រឆាំងទៅនឹងភេរវកម្មរបស់ក្រុម IS ។
ជាមួយគ្នានេះកម្ពុជានិងចូលរួមឲ្យកាន់តែសកម្មភាព និងឆាប់រហ័សថែមទៀត នៅក្នុងប្រតិបត្តិការក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដែលជាតំរូវការជាក់ស្តែង របស់អង្គការសហប្រជាជាតិ និងជាការតបស្នងសងគុណចំពោះអង្គការសហប្រជាជាតិ ដែលបានជួយដល់ប្រទេសកម្ពុជាកាលពីពេលកន្លងទៅ។
ជាការឆ្លើយតប ឯកឧត្តម ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មានប្រសាសន៍ថា បារាំងនឹងជួយជំរុញអ្នកវិនិយោគបារាំងទៅបណ្តាក់ទុននៅកម្ពុជា ពិសេសការវិនិយោគលើវិស័យអាកាសចរណ៏ទឹកស្អាត និងរថភ្លើងក្នុងក្រុង។
ពាក់ព័ន្ធនិងការបើកសន្និសីទអន្តរជាតិស្តីពីបម្រែបម្រួលធាតុអាកាស ឯកឧត្តមប្រធានាធិបតីបារាំងមានប្រសាសន៍ថា ឯកឧត្តមចង់ឲ្យមានវត្តមានសម្តេចតេជោអញ្ជើញចូលរួមក្នុង សន្និសីទដ៏មានសារៈសំខាន់នោះ ដោយសារតែកម្ពុជាគឺជាប្រទេសមួយដែលងាយ ស្រួលនឹងការរងគ្រោះ ពីបម្រែបម្រួលធាតុអាកាស។
ពាក់ព័ន្ធនឹងតួនាទីរបស់កម្ពុជាក្នុងការចូលរួមថែរក្សាសន្តិភាព នៅប្រទេសម៉ាលី អាហ្វ្រីកកណ្តាល លីបង់ និងប្រទេសដ៏ទៃទៀតនោះ ឯកឧត្តមសូមសំដែងនូវការកោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះប្រទេសកម្ពុជាដែលបានបំពេញតួនាទីដ៏សកម្មនោះ។
ពាក់ព័ន្ធទៅនិងការប្រយុទ្ធប្រឆាំង IS ដែលជាការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡើង់ មានប្រសាសន៍ថា វាជាការត្រឹមត្រូវខ្លាំងណាស់ព្រោះវាគឺជា គ្រោះមហន្តរាយរបស់ពិភពលោកទាំងមូល មិនថាតែប្រទេសណាមួយនោះទេ ដែលនោះគឺទាមទាមឲ្យមានការចូលរួមប្រយុទ្ធប្រឆាំងទាំងអស់គ្នា និង ទាមទារឲ្យមានការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ជុំវិញការប្រយុទ្ធប្រឆាំងទៅនឹងអំពើភេវរកម្ម៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំង